
អ្នកប្រើប្រាស់ទូរស័ព្ទ iPhone ទូទៅតែងរអ៊ូថាទូរស័ព្ទចាប់ផ្ដើមមិនសូវកាន់ភ្លើង និងឈានទៅការខូចថ្មតែម្ដង។ ចំណុចនេះ យើងសូមលើកយកនូវមូលហេតុមួយចំនួន ដែលបណ្ដាលឲ្យសមត្ថភាពថ្មចុះខ្សោយ។ ខាងក្រោមនេះ ជាហេតុផល 5 ដែលអ្នកគួរជៀសវាង ដើម្បីរក្សាគុណភាពថ្ម និងមិនឆាប់ខូចជាដើម។
- ប្រើរហូតទាល់តែអស់ថ្មរលីង
ថ្មដែលមានលើស្មាតហ្វូនបច្ចុប្បន្នភាគច្រើនជាប្រភេទអ៊ីយ៉ុងលីចូមដោយវាមានខួបរបស់វា។ បើទម្លាប់ប្រើប្រាស់វារហូតដល់អស់ថាមពលរលីងទើបបញ្ចូល គឺអាចបណ្ដាលឲ្យវាលែងកាន់ថ្ម ហើយជាមូលហេតុមួយធ្វើឲ្យថាមពលថ្មទូរស័ព្ទប្រើឆាប់អស់ខុសពីធម្មតា។
- ដាក់ស្រោមមិនល្អពេលសាកថ្ម
ទោះបីជាសម្បកទូរស័ព្ទស្អាតៗបានជួយឲ្យទូរស័ព្ទអ្នកមើលទៅកាន់តែទាក់ទាញ ប៉ុន្តែពេលសាកថ្មសម្បកនេះនឹងរក្សាកម្ដៅពីថ្មមិនឲ្យភាយចេញ ដែលធ្វើឲ្យទូរស័ព្ទឡើងកម្ដៅ។
- 3. សាកបណ្ដើរចុចបណ្ដើរ
ការចុចទូរស័ព្ទពេលកំពុងសាកថ្មមិនត្រឹមតែធ្វើឲ្យថ្មឆាប់កើនឡើងកម្ដៅខ្លាំង ដែលជាហេតុធ្វើឲ្យសមត្ថភាពថ្មឆាប់ចុះខ្សោយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបង្កហានិភ័យដល់អ្នកប្រើប្រាស់ដោយសារបច្ចុប្បន្នទូរស័ព្ទផលិតឡើងពីសារធាតុលោហៈដែលវាអាចឆ្លងចរន្ត។ ត្បិតថាឱកាសដែលអាចកើតមានស្ដួចស្ដើងប៉ុន្តែមិនបានន័យថាវាមិនកើតឡើងសោះនោះទេ។
- ប្រើប្រាស់ឧបករណ៍សាកឥតប្រើខ្សែញឹកញាប់ ឬគ្មានគុណភាព
ត្បិតថាការសាកថ្មដោយឥតប្រើខ្សែជាបច្ចេកវិទ្យាដ៏ទំនើបមួយ ប៉ុន្តែវាក៏មានចំណុចអវិជ្ជមានដោយពេលសាកថ្មធ្វើឲ្យកម្ដៅថ្មឆាប់កើនឡើង ខុសពីការសាកដោយប្រើខ្សែធម្មតា ឬរបស់នោះគ្មានគុណភាពជាដើម។ ដូចដែលលើកឡើងខាងលើថាថ្មកើនឡើងកម្ដៅខ្លាំង ជាហេតុធ្វើឲ្យសមត្ថភាពថ្មឆាប់ចុះខ្សោយ។
- ប្រើប្រាស់ឆ្នាំងសាកគ្មានការទទួលស្គាល់ពីក្រុមហ៊ុន
ការប្រើប្រាស់ឆ្នាំងសាកក្លែងក្លាយក៏ជាមូលហេតុមួយដែលធ្វើឲ្យថ្មឆាប់ខូច ដោយសារវាបញ្ចូលថាមពលទៅកាន់ទូរស័ព្ទដោយប្រើប្រាស់កម្លាំងលើសពីឆ្នាំងសាកដើម។ លើសពីនេះឆ្នាំងសាកក្លែងក្លាយក៏អាចបង្កជាអគ្គីភ័យផងដែរ៕