
នៅសល់ពេលត្រឹមតែ ២ ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ប្រកាស iPhone ជំនាន់ថ្មីកាន់តែកៀកជិតដល់គឺនៅថ្ងៃទី១២ កញ្ញាខាងមុខ ពេលនេះយើងមានដំណឹងពីលក្ខណៈសម្បត្តិថ្មីខ្លះទៀតហើយគឺទៅលើពណ៌ និងមុខងារប្រើស៊ីមកាតបានពីររបស់វា។
តាមរយៈវែបសាយ Slashleaks បានចេញផ្សាយពីព័ត៌មានទូរស័ព្ទ iPhone ជំនាន់ថ្មីអេក្រង់ ៦,១ អ៊ីញមានជម្រើសពណ៌ដល់ទៅបួន គឺពណ៌ក្រហម ពណ៌ស ពណ៌ខៀវ និងពណ៌ Rose Gold។ តាមសេចក្ដីរាយការណ៍ជាច្រើនកន្លងមក បានអះអាងថា Apple នឹងសម្ពោធ iPhone អេក្រង់ ៦,១អ៊ីញ LCD ក្នុងឆ្នាំនេះ ហើយកំណត់លក់ក្នុងតម្លៃទាបជាង iPhone ពីរម៉ូដែលផ្សេងទៀត។ ដូច្នេះ វានឹងជា iPhone តម្លៃធូរថ្លៃជាងគេសម្រាប់វាយលុកចុងឆ្នាំ និងតទៅឆ្នាំ២០១៩ ខាងមុខ អមដោយកាមេរ៉ាដាំខ្ទឹមត្រឹម ១គ្រាប់ដដែល ខណៈពីរម៉ូដែលផ្សេងទៀតប្រើអេក្រង់គុណភាពខ្ពស់ AMOLED និងមានកាមេរ៉ាភ្លោះ។
ការបែកធ្លាយលើកនេះ ថែមទាំងផ្ដល់ពន្លឺរឹតតែច្បាស់អំពីថាសស៊ីមរបស់ iPhone ៦,១អ៊ីញនេះ ដែលមានប្រឡោះដាក់ស៊ីមបាន២ ដែលគេសន្មតថា នឹងជាវានឹងជា iPhone ប្រើស៊ីមពីរដំបូងគេក្នុងត្រកូល iPhone។ គ្រប់ម៉ូដែលនឹងមានស៊ុមផលិតពីអាលុយមីញ៉ូម ហើយបំពាក់ម៉ូឌុលកាមេរ៉ាធំជាងមុន រីឯ Notch នៅតែមានដដែល សម្រាប់បង្កប់ Face ID 1.0៕