
ក្រោយសម្ពោធចេញនូវទូរស័ព្ទ Note 9 ក្រុមហ៊ុន Samsung នឹងរៀបចំព្រឹត្តិការណ៍មួយនៅថ្ងៃទី ១១ តុលា ដែលយើងបានឃើញ គេដាក់ពាក្យថា 4x fun នៅលើលិខិតអញ្ជើញនោះ ទើបធ្វើឲ្យគេរំពឹងថា វាជាតំរុយបង្ហាញ អំពីទូរស័ព្ទ Galaxy A9 Star Pro ផ្ដោតសំខាន់ សម្រាប់បំពេញការកំសាន្ដ ដែលអាចនឹងពាក់ កាមេរ៉ាដល់ទៅ ៤ គ្រាប់ឯណោះ នៅខាងក្រោយ និងជាទូរស័ព្ទ ដែលក្រុមហ៊ុនធ្វើតេស្ដ សាកល្បងមុននឹងយក ទៅបំពាក់លើ Galaxy S និង Galaxy Note Series។
ព័ត៌មានលេចធ្លាយ ប៉ុន្មានថ្ងៃមុននេះ Galaxy A9 Star Pro ក៏អាចនឹងមានបច្ចេកវិទ្យាស្កេន ម្រាមដៃ លើអេក្រង់ទៀតផង ដោយក្រុមហ៊ុន Samsung កំពុងតែធ្វើតេស្ដដូចគ្នា មុននឹងមាននៅលើ Galaxy S10 នៅដើមឆ្នាំ ក្រោយនេះ។ ចំពោះលក្ខណៈសម្បត្តិនៃកាមេរ៉ា ៤ គ្រាប់របស់ Galaxy A9 Star Pro យើងមិនទាន់ដឹងថា Samsung នឹងបំពាក់ស៊េនស័រ អ្វីខ្លះនោះទេ គ្រាន់តែដឹងថា វាមិនមែនជាកាមេរ៉ា លំដាប់កំពូលនោះទេ គ្រាន់តែស្ថិតនៅក្នុង លំដាប់បង្គួរមួយប៉ុណ្ណោះ ទាំងកម្លាំងម៉ាស៊ីន ក៏មិនកប់ដែរ ដោយអាចនឹងពាក់ឈីប Snapdragon ៧១០ និងរ៉េមដល់ ៦ ជីកាបៃ។ គ្រាន់តែ Samsung តែងប្រើប្រាស់អេក្រង់ល្អៗ នៅលើទូរសព្ទខ្លួន អញ្ចឹង A9 Star Pro វាក៏ប្រើអេក្រង់ Infinity Display ដែលលាតគែមខ្លី ផងដែរ៕