Sony Vision S រថយន្តអគ្គិសនី និងមានញាណ ៣៣ ផ្សេងៗគ្នា

កាល​ពី​ពេល​ថ្មីៗ​នេះ ក្រុមហ៊ុន Sony បាន​ធ្វើ​ឱ្យ​គ្រប់គ្នា​មាន​​ការ​ភ្ញាក់​ផ្អើល​នៅ​ក្នុង​កម្មវិធី CES 2020 ដោយ​បាន​ប្រកាស​នូវ​រថយន្ត​មួយ​ដែល​ដំណើរការ​ដោយ​ប្រើ​ថាមពល​អគ្គិសនី ជាមួយ​នឹង​ការ​បរិយាយ​ពី​តួ​រថយន្ត​គំរូ។

រថយន្ត​ដែល​គេ​បាន​ប្រកាស​នោះ​មាន​ឈ្មោះ​ថា Sony Vision S ដែល​មាន​ន័យ​ទាក់​ទង​នឹង​បច្ចេកវិទ្យា​របស់ Sony រាប់​ចាប់​ពី​កាមេរ៉ា​ចាប់​ញាណ​ដល់​បច្ចេកវិទ្យា​សំឡេង។ មុខងារ​របស់​វា​មាន​តំណ​ភ្ជាប់​នឹង​បរិក្ខារ​នានា ហើយ​នឹង​មាន​ញាណ​ដល់​ទៅ ៣៣ ផ្សេងៗ​គ្នា​ទាំង​ក្នុង និង​ក្រៅ​រថយន្ត។ ក្នុង​នោះ​វា​ក៏​មាន​អេក្រង់ធំៗ​ជា​ច្រើន និង​ប្រព័ន្ធ​សំឡេង 360 ដែល​ត្រូវ​បាន​បំពាក់​រួច​ជា​ស្រេច​នៅ​ក្នុង​រថយន្ដ​នោះ។ លើស​ពី​នេះ វា​ក៏​មាន​អេក្រង់​ធំ​ទ្រ​វែង​មួយ​ដែល​អាច​ប្រើ​សម្រាប់​ការ​កម្សាន្ត​ និង​ផ្ដល់​ព័ត៌មាន​ផ្សេងៗ។

ក្រុមហ៊ុន Sony ក៏​បាន​ឱ្យ​ដឹង​ផង​ដែរ​ថា ខ្លួន​បាន​ចូលរួម​សហការ​ជាមួយ​នឹង​ដៃ​គូ និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជាច្រើន​ដើម្បី​បង្កើត​រថយន្ត​គំរូ​នេះ​ឡើង ដែល​ក្រុមហ៊ុន​ទាំង​នោះ​មាន​ដូចជា Bosch, Continental, Genetex, Nvidia, Magna ជាដើម។ ក៏​ប៉ុន្តែ ព័ត៌មាន​ជាក់លាក់​នៃ​ការ​ផលិត​ និង​ចេញ​លក់​រថយន្ត​នេះ​មិនត្រូវ​បានគេប្រាប់​ឱ្យ​ដឹង​នោះ​ឡើយ។  នៅ​ពេល​ជិតបញ្ចប់​ការ​បង្ហាញ​ពី​រថយន្ដ​គំរូ​នេះ ក្រុមហ៊ុន​ក៏​បាន​បង្ហាញ​ពី​និមិត្ត​សញ្ញា​ថ្មី​របស់ PlayStation 5 ផង​ដែរ៕

ប្រភពព័ត៌មាន៖ Pocket-lint