Samsung សម្រេចបញ្ចេញស្មាតហ្វូនបំពាក់កាមេរ៉ាក្រោយ ៣ គ្រាប់ជាលើកដំបូង

ម្សិលមិញ យើង​បានធ្វើ​ការចុះផ្សាយ​ស្ដីពី​ព័ត៌មាន​ដែល​ក្រុមហ៊ុន Samsung  ចង់​បញ្ចេញ​ស្មា​ត​ហ្វូ​ន​កាមេរ៉ា ៤ គ្រាប់ ប៉ុន្តែ​ថ្ងៃនេះ​ក្រុមហ៊ុន​កូរ៉េ​មួយ​នេះ បានសម្រេច​ដាក់ចេញ​នូវ​ស្មា​ត​ហ្វូ​ន​បំពាក់​កាមេរ៉ា​ខាងក្រោយ​ចំនួន ៣ គ្រាប់ លើ​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី មួយ​ម៉ូ​ឌែ​ល​ហ្នឹង​ដែរ​ហើយ ដោយ​មិនបាច់​រង់ចាំ ដល់​ឆ្នាំក្រោយ​ឡើយ។

Galaxy A7 មាន​ប្រព័ន្ធ​កាមេរ៉ា​ក្រោយ​ទំនើប​ដោយមាន lens ដល់​ទៅ ៣ គ្រាប់ សម្រាប់​បង្កើន​សមត្ថភាព​ថតរូប និង​វីដេអូ។ មួយ​ក្នុងចំណោម​នោះ​បំពាក់​ទំហំ 24MP កម្រិត 1.7 aperture ដើរតួ​ជា​កាមេរ៉ា​គោល ហើយពីរ​ទៀត​ទំហំ 8MP (ultra wide) កម្រិត f/2.4 និង 5MP (depth) កម្រិត f/2.2 aperture ចំណែក​កាមេរ៉ា​មុខ​ទំហំ 24MP។

ស្មា​ត​ហ្វូ​ន Android ចុងក្រោយ​របស់​ក្រុមហ៊ុនទូរស័ព្ទ​កូរ៉េ​នេះ​ភ្ជាប់​អេក្រង់​ទំហំ ៦អ៊ី​ញ​កម្រិត FHD+ (2220×1080)px ហើយ​បំពាក់​ឈី​ប octa core ល្បឿន 2.2GHz និង RAM 4GB។ អ្នក​ក៏​អាច​ជ្រើសរើស​ម៉ូ​ដែល 64GB និង 128GB ដែរ។ ទន្ទឹម​នោះ​អ្នក​ក៏​នៅមាន​ជម្រើស RAM ធំ​ជាង​នេះ ដល់ 6GB អមដោយ​អង្គ​ចងចាំ 128GB ផងដែរ និង​មាន​រន្ធ​បន្ថែម microSD ទ្រទ្រង់​ដល់ 512GB ថែមទៀត។ ស្មា​ត​ហ្វូ​ន​នេះ​មាន​កម្លាំង​ថ្ម 3300mAh ហើយ​រត់​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 8.0 Oreo៕