Huawei, Oppo, Vivo និង Xiaomi ចាប់ដៃគ្នាជួយផលិតកម្មវិធីសម្រាប់ហាងទូរស័ព្ទរបស់ពួកគេ

តាម​រយៈ​សារព័ត៌មាន Reuter បានឱ្យ​ដឹង​ថា ក្រុមហ៊ុន​ទូរស័ព្ទ Huawei បាន​ចាប់​ដៃ​សហការ​ជាមួយ​នឹង​ក្រុមហ៊ុន​ទូរស័ព្ទ​ចិនធំៗ​ដូចជា Xioami, Vivo និង Oppo ដើម្បី​ជួយ​ឱ្យ​អ្នក​ផលិតកម្មវិធី​ទូរស័ព្ទ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​បញ្ចូល​កម្មវិធី​នានា​សម្រាប់​ហាង​កម្មវិធី​ទូរស័ព្ទ​របស់​ពួកគេ ​ដែល​មាន​ការ​ប្រើប្រាស់​ប្រហាក់​ប្រហែល​គ្នា។

សម្ព័ន្ធផលិតកម្មវិធី​ទូរស័ព្ទថ្មី​នេះមាន​ឈ្មោះ​ថា Global Developer Service (GSDA) ដែល​គ្រោង​នឹង​ចាប់​ផ្ដើម​ផ្សាយ​ផ្ទាល់​នៅ​ក្នុង​ខែ​មីនា​ទៅ​កាន់​តំបន់​ជាច្រើន​ដូច​ជា ឥណ្ឌា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី រុស្ស៊ី អេស្ប៉ាញ ថៃ ហ្វីលីពីន និង​វៀតណាម។

គោល​បំណង​សំខាន់​របស់​សម្ព័ន្ធ​នេះគឺ​ដើម្បី​ផ្ដល់​នូវ​ឱ្យ​អ្នក​បង្កើត​កម្មវិធី​ទូរស័ព្ទ​នូវ​សម្ព័ន្ធ​មួយ​ដែល​ពួក​គេ​អាច​បញ្ចូល​កម្មវិធី​ដែល​ពួកគេ​បាន​ផលិត​ទៅក្នុង​ហាងកម្មវិធី​របស់​ក្រុមហ៊ុន​ផលិតទូរស័ព្ទ​ដែល​បាន​បង្ហាញ​ខាង​លើ​។ ហ្គេម តន្ត្រី រឿង សៀវភៅ​ និង​ទស្សនាវដ្ដី គឺ​ផ្នែក​ផលិតផល​ផ្សេង​ទៀត​ដែល​ផ្ដល់​អត្ថប្រយោជន៍​ដល់​មុខងារ​ដំណើរ​ការរបស់ GDSA។

ការ​ចាប់ដៃ​គ្នា​របស់​ក្រុមហ៊ុន​ទូរស័ព្ទ​ធំៗ​ទាំង​នេះបាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ផ្ដាច់​ខ្លួន​ពី​ការ​ប្រើប្រាស់ Google និង Play Store ដោយ​ប្រកាន់​យក​នូវ​ភាព​ឯករាជ្យ​នៃទីផ្សារ​ទូរស័ព្ទ​ពិភព​លោក ដែល​ទូរស័ព្ទ​ចិន​ទាំង​នេះ​មិន​ធ្លាប់មាន​ជម្រើស​ច្រើន​ដើម្បី​រក្សា​ស្ថេរភាព​នៃ​ហាង​កម្មវិធី​របស់ខ្លួន​ពី​មុន​មក​នោះ។ គម្រោង​ទាំង​មូល​នៅ​មាន​សភាព​ខ្ចី​នៅឡើយ ដូចនេះ ពួកគេ​មិន​ទាន់​រំពឹង​ការ​សម្រេច​សមិទ្ធផល​ធំៗ​នៅឡើយ​ទេ ​ប៉ុន្តែ វា​នៅ​តែគួរ​ឱ្យ​ចាប់​អារម្មណ៍​ប្រសិន​បើ​សម្ព័ន្ធ​ថ្មី​នេះ​អាច​ជួយ​ក្រុម​ហ៊ុន Huawei បង្កើត​នូវ​គម្រូ​កម្មវិធីទូរស័ព្ទ​ដ៏​រឹង​មាំ​មួយ៕

ប្រភព៖ GSMArena