
យោងតាមការស្រាវជ្រាវថ្មីដែលត្រូវបានចែករំលែកដោយសមាគមន៍ពាណិជ្ជកម្ម Digital Content Next ថា ឧបករណ៍អេឡិចត្រូនិច Android នឹងបញ្ជូនទិន្នន័យស្ទើរតែ ១០ដងទៅ Google ច្រើនជាងពេលដែលឧបករណ៍ iOS ផ្ញើទៅឲ្យក្រុមហ៊ុន Apple។
លោក Douglas C. Schmidt សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រនៃសាកលវិទ្យាល័យ Vanderbilt បានរកឃើញថាទូរស័ព្ទដំណើរការដោយប្រព័ន្ធ Android ហើយ ប្រើកម្មវិធី Chrome ដែលមានសកម្មភាពនៅផ្នែកខាងក្រោយ បានប្រាប់ ព័ត៌មានទីតាំងទៅ Google ចំនួន ៣៤០ ដងក្នុងកំឡុងពេល ២៤ម៉ោង ចំណែកនៅលើឧបករណ៍ iOS ដែលមាន Safari បើកប៉ុន្តែមិនមែន Chrome នោះ Google មិនអាចប្រមូលទិន្នន័យគួរឲ្យកត់សម្គាល់ណាមួយទេ លុះត្រាតែអ្នកប្រើកំពុងធ្វើ សកម្មភាពជាមួយឧបករណ៍។
លើសពីនេះ ទូរស័ព្ទដែលដំណើរការដោយប្រព័ន្ធ Android អាចប្រមូលទិន្នន័យ ផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ជាមួយកម្មវិធីដូចជា DoubleClick cookies ID។ ថ្នាក់ដឹកនាំ Apple តែងតែនិយាយថា អតិថិជនមិនមែនជា ផលិតផលទេ ដូច្នេះជាទូទៅឧបករណ៍ Apple ពុំមានការប្រមូលទិន្នន័យ ច្រើនដើម្បីចំណេញ ពីការផ្សព្វផ្សាយពាណិជ្ជកម្ម ដូចឧបករណ៍ Android ទេ៕