
អ្នកប្រើប្រាស់គណនី Gmail របស់ក្រុមហ៊ុន Google មួយចំនួនហាក់មិនសូវចាប់អារម្មណ៍ប៉ុន្មានទេ លើមុខងារសុវត្ថិភាព និងឯកជនភាព ដែលឲ្យឈ្មោះថា Confidential Mode។ នៅថ្ងៃនេះយើងខ្ញុំសូមធ្វើការណែនាំ និងធ្វើការស្វែងយល់ពីការប្រើប្រាស់ “Confidential Mode” ដែលជាមុខងារសម្រាប់ជួយដល់ផ្នែក សុវត្ថិភាព និងឯកជនភាពរបស់អ្នកប្រើប្រាស់ Gmail។ មុខងារនេះ ចែកចេញជា ០៣ចំណុច៖
១) អ៊ីមែលដែលលុបចោលដោយខ្លួនឯង(Self-Destructing Emails): ចំណុចនេះលោកអ្នកអាចកំណត់ថា អ៊ីមែលដែលលោកអ្នកផ្ញើចេញអាចបើកមើល ក្នុងចន្លោះពេលវេលាកំណត់ណាមួយ(ពី១ថ្ងៃ ដល់ ៥ឆ្នាំ)។
២) អ៊ីមែលដែលមិនអាចបញ្ជូនបន្ត(Un-Forwardable Emails): មានន័យថាអ្នកទទួល អ៊ីមែលរបស់លោកអ្នក នឹងមិនអាចបញ្ជូនបន្ត(Forward) ចម្លង និងបោះពុម្ពបានទេ ។ ក៏ប៉ុន្តែគេក៏នៅតែអាច screenshot បាន។
៣) ការបញ្ជាក់អត្តសញ្ញាណពីរដង សម្រាប់អ៊ីមែល(Two-factor Authentication for Emails): មានន័យថាដើម្បីចូលអានសារអ៊ីមែលរបស់លោកអ្នក ភាគីអ្នកទទួលត្រូវបញ្ចូលលេខសម្ងាត់ដែលក្រុមហ៊ុន Google បញ្ជូនទៅឲ្យតាមសារទូរស័ព្ទ(សម្រាប់ ប្រទេសកម្ពុជាមុខងារនេះមិនទាន់អាចប្រើប្រាស់បានទេ) ៕