
អ្នកជំនាញផ្នែរថយន្តមួយរូបធ្វើការនៅក្រុមហ៊ុនរថយន្តរបស់ចក្រភពអង់គ្លេសបានបញ្ជាក់ថា ប្រេងឥន្ទនៈគឺជាដើមចមចម្បងធ្វើឲ្យរថយន្តហុយផ្សែងទាំងថ្មី ពេលមកយកមកប្រើប្រាស់ក្នុងទីផ្សារកម្ពុជា។ រថយន្តថ្មីដែលជួបបញ្ហាភាគច្រើន គឺទៅលើរថយន្តដែលប្រើប្រេងម៉ាស៊ូត។
លោក ហុង ឌីណា ប្រធានគ្រប់គ្រងអគារតាំងលក់រថយន្ត Jaguar Land Rover បានបញ្ជាក់ថា ស្ថានភាពផ្លូវ និងកម្រិតប្រេងឥន្ទនៈ ជារឿងសំខាន់ ដោយរថយន្តទទួលសិទ្ធផ្ដាច់មុនពីរោងចក្រស្រប់ច្បាប់ ត្រូវបានសិក្សាលម្អិតទៅលើចំណុចខាងលើ ដែលប្រេងឥន្ទនៈជារឿងត្រូវបានគិតគូជាចំបង់ ព្រោះថាប្រេងឥន្ទនៈដែលមានក្នុងទីផ្សារកម្ពុជា ខុសគ្នានឹងប្រេងដែលមានក្នុងទីផ្សារអឺរ៉ុប។
លោកថ្លែងថា៖«រថយន្តដូចគ្នា ប៉ុន្តែមានលក្ខណៈផ្សេងគ្នា។ កម្ពុជា មានលក្ខខណ្ឌផ្លូវ កម្រិតប្រេងឥន្ទនៈ និងអាកាសធាតុខុសពីបណ្ដាលប្រទេសនៅអឺរ៉ុប។ ចឹងហើយទោះបីជារថយន្តម៉ូដែលតែមួយ ក៏វាមានលក្ខណៈខុសគ្នាដែរ»។
អតិថិជនទិញរថយន្តមកពីទីផ្សារអឺរ៉ុប ប្រភេទម៉ាស៊ីនប្រើប្រេងម៉ាស៊ូត យកមកប្រើក្នុងប្រទេសកម្ពុជា ប្រៀបធៀបនឹងរថយន្តដែលទិញពីក្រុមហ៊ុននាំចូល ក្នុងរយៈពេលដំបូងសន្ទុះ និងការប្រើប្រាស់ទូទៅគឺដូចគ្នា ប៉ុន្តែមួយរយៈក្រោយមក រថយន្តដែលប្រើទិញនៅហាង នឹងមានការប្រែប្រួល សន្ទុះអាចមិនខ្លាំងដូចមុន និងអាចហុយផ្សែងខុសធម្មតា។
លោក ឌីណា បន្ថែមថា ប្រេងម៉ាស៊ូតដែលប្រើនៅអឺរ៉ុប មានកម្រិត EU6 ខណៈប្រេងនៅកម្ពុជា មានកម្រិតត្រឹម EU3 តែប៉ុណ្ណោះ។ នេះមានន័យថាប្រេងនៅស្រុកយើងមានគុណភាពទាបជាង ដែលនាំឲ្យម៉ាស៊ីនរថយន្តទាំងនោះ ដំណើរការមិនបានល្អ ឆាប់ហុយផ្សែង ដែលឈានទៅរកការរុះរើម៉ាស៊ីនរថយន្ត ជាក់ជាមិនខាន៕
ដោយ៖ តាម៉ាប់