កម្ពុជាស្នើអង់គ្លេសផ្តល់អាហាររូបករណ៍ដល់និស្សិតកម្ពុជា ដើម្បីគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល

ភ្នំពេញ: មន្ត្រីជាន់ខ្ពស់​កម្ពុជា កាលពី​ថ្ងៃទី ០១ តុលា​នេះ បានស្នើ​មន្ត្រីការទូត​អង់គ្លេស​ពិនិត្យ​លទ្ធភាព​ផ្តល់​អាហារ​រូបករណ៍​ថែមទៀត​ដល់​និស្សិត​កម្ពុជា ពិសេស​ផ្នែក​វិទ្យាសាស្ត្រ, បច្ចេកវិទ្យា, វិស្វកម្ម, និង​គណិតវិទ្យា (S.T.E.M) ដើម្បី​​លើកកម្ពស់​ការអភិវឌ្ឍ​ធនធានមនុស្ស និង​ការកសាង​សមត្ថភាព​របស់​កម្ពុជា សម្រាប់​គាំទ្រ​ការធ្វើ​បដិវត្តន៍​ឧស្សា​ហកម្ម​ទី៤ ក៏ដូចជា​ការធ្វើដំណើរ​ឆ្ពោះទៅកាន់​សេដ្ឋកិច្ច​ឌីជីថល​នាពេល​អនាគត។

ការស្នើរ​នេះ ខណៈ​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក Edward Vaizey ប្រមុខ​ពាណិជ្ជកម្ម​របស់​ចក្រភព​អង់គ្លេស និង​លោកស្រី Tina Redshaw ឯកអគ្គរាជទូត​ថ្មី​របស់​ចក្រភព​អង់​គ្លេស​ប្រចាំ​នៅ​កម្ពុជា​នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម។

លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បានលើកឡើង​អំពី​សារៈសំខាន់​នៃ​ការកសាង​ធនធានមនុស្ស ដើម្បី​បម្រើការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច និង​បដិវត្តន៍​ឧស្សាហកម្ម​ទី៤ ព្រមទាំង​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា នីតិកាល​ទី៦ នៃ​រដ្ឋសភា ក្នុង​ការបន្ត​កំណែ​ទម្រង់​គ្រប់​វិស័យ ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤ ដែល​ទើបត្រូវ​បានអនុម័ត​កាលពីថ្មីៗនេះ ដើម្បី​ធានា​ការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​ប្រកបដោយ​សមធម៌ និង​ចីរភាព។

លោក​បាន​ជម្រាបជូន​បេសកជន​ទាំងពីរ​អំពី​ស្ថិរភាព​នយោបាយ វឌ្ឍនភាព​នៃ​កំណើនសេដ្ឋកិច្ច ផលិតផល​នាំ​ចេញ​សំ​ខាន់ៗរបស់​កម្ពុជា អត្ថប្រយោជន៍​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស និង​កិច្ចប្រឹងប្រែង​របស់​ក្រសួងពាណិជ្ជកម្ម ក្នុងការ​លើ​ក​កម្ព​ស់​​ប​រិ​យា​កាស​ធុរកិច្ច និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម​នៅ​កម្ពុជា។ លើសពីនេះ លោក​រដ្ឋមន្ត្រី​បាន​អរគុណ សមាគម​បាល់​ទាត់​​អង់គ្លេស (FA) ដែល​បាន​ប្រើប្រាស់​ឯកសណ្ឋាន​ម៉ាក Marks & Spencer ផលិត​នៅ​កម្ពុជា សម្រាប់​ក្រុម​កីឡា​ករ​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍ World Cup ឆ្នាំ 2018 នាពេល​កន្លងមក។

ជាការ​ឆ្លើយតប លោក Edward Vaizey និង​លោកស្រី Tina Redshaw បាន​សន្យា​នឹង​ខិតខំ​ស្វែងរក​អា​ហា​រូប​ករ​ណ៍​​បន្ថែម​សម្រាប់​និស្សិត​កម្ពុជា ដើម្បី​ចូលរួម​លើកកម្ពស់​ការអភិវឌ្ឍ​ធនធានមនុស្ស សំដៅ​ជំរុញ​ការធ្វើ​បដិវត្តន៍​ឧ​ស្សា​ហ​កម្ម​ទី៤ និង​ការបោះ​ជំហាន​ឆ្ពោះទៅកាន់​សេដ្ឋកិច្ច​ឌីជីថល​របស់​កម្ពុជា។

ទន្ទឹមគ្នា​នោះ មន្ត្រីការទូត​ទាំងពីរ បាន​កោតសរសើរ​អំពី​វឌ្ឍនភាព​នៃ​ហេដ្ឋារចនាសម្ព័ន្ធ និង​ស្ថិរភាព​នៃ​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា ព្រមទាំង​កិច្ចសហការ​ល្អ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា នាពេល​កន្លងមក ដែល​បាន​ជំ​រុញឱ្យ​កម្ពុជា ក្លាយជា​គោលដៅ​វិនិយោគ​ថ្មី​នៅក្នុង​តំបន់។ បេសកជន​ទាំងពីរ បាន​បន្ថែមទៀតថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​សំណង់​អង់គ្លេស​ជា​ច្រើន កំពុង​ស្វែងរក​ឱកាស​ចូលមក​ទីផ្សារ​កម្ពុជា ដើម្បី​នាំយក​បច្ចេកវិទ្យាទំនើបៗ និង​ជំនាញ​ផ្នែក​ស្ថាបត្យកម្មថ្មីៗ ស​ម្រា​ប់​​បម្រើការ​អភិវឌ្ឍ​វិស័យ​សំណង់ ដែល​កំពុងមាន​ការលូតលាស់​ខ្លាំង​នៅក្នុង​ប្រទេស​កម្ពុជា៕

ដោយ: ហៃ សិរី