Sony Xperia 10 II បង្ហាញខ្លួនជាមួយនឹងរូបរាងវែង ហើយស្រាល

ក្រុមហ៊ុន Sony ទើប​បាន​ធ្វើការ​ប្រកាស​បង្ហាញ​ពី​ទូរស័ព្ទ​ម៉ូដែលថ្មី Xperia 10 II និង​មុខងារ​ប្រើប្រាស់ Xperia Pro នៅ​ក្នុងព្រឹត្តិការណ៍​បង្ហាញ​ផលិតថ្មី​របស់ខ្លួន។

ទូរស័ព្ទ Xperia 10 II ឬគេ​ហៅថា Xperia Ten Mark Two អាចនឹង​ក្លាយជា​ផលិតផល​ដែល​លក់​ដាច់​បំផុត​សម្រាប់​ឆ្នាំ​នេះ។ ទូរស័ព្ទឆ្លាត​វៃម៉ូដែល​នេះ​មាន​អានុភាព​នៃ​ការ​ប្រើប្រាស់​ល្បឿន​លឿន ដោយ​មាន​ការ​ប្រើ​បន្ទះ​ឈីប​ប្រភេទ Snapdragon 665 មាន RAM ទំហំ 4GB មាន​អង្គចងចាំ​ក្នុង​ម៉ាស៊ីន 128GB ខាងក្រោយ​មាន​កាមេរ៉ា​បី​គ្រាប់ទំហំ 12 មេហ្គាភិចសែល កាមេរ៉ាមុខ​ទំហំ 8 មេហ្គាភិចសែល។

ជាមួយគ្នា​នេះ​ដែរ ទូរស័ព្ទ​ម៉ូដែល​នេះ​មាន​អេក្រង់ទំហំ 6 អ៊ីង ប្រើកញ្ចក់​ប្រភេទ OLED (21:9 CinemaWide និង Full HD+)។ Xperia 10 II មានទម្ងន់ស្រាល​ជាង​ទូរស័ព្ទ​ម៉ូដែល Xperia 10 ប្រហែល 10% ហើយនិង​មាន​រាង​ធំ និងស្រាលជាង​មុនផង​ដែរ។ លើសពីនេះ ថ្មមាន​ថាមពល 3600mAh ច្រើនជាង​ម៉ូដែល​មុន 25%។ មួយវិញ​ទៀត​ មុខងារ​ Xperia Adaptive Charging អាចកំណត់​ និង​ផ្លាស់ប្ដូរ​ការ​ប្រើប្រាស់​ថ្មឱ្យ​បាន​កាន់តែយូរ។ 

អ្វីដែល​ពិសេស​សម្រាប់ទូរស័ព្ទ​ម៉ូដែល Xperia 10 II នោះ គឺទូរស័ព្ទនេះ​អាចទប់ស្កាត់​ការ​ជ្រាប​ទឹក និង​ធូលីបាន ហើយ​ថែម​ទាំង​មាន​ភាព​រឹងមាំ​ជាមួយ​នឹង​កញ្ចក់​ Gorrila Glass 6 ទាំងមុខ និង​ក្រោយ។ ទូរស័ព្​ទម៉ូដែលនេះនឹង​ត្រូវ​ចេញ​លក់ចំនួន ២ ពណ៌ ស និង​ខ្មៅ នៅអំឡុង​រដូវ​ស្លឹកឈើ​លាស់​ឆ្នាំ ២០២០ នេះ ប៉ុន្តែ មិន​ទាន់​ត្រូវ​បាន​គេ​ដឹង​ពី​តម្លៃ​របស់​វា​នៅ​ឡើយទេ៕