
ក្រុមហ៊ុន Cellcard កាលពីថ្ងៃទៅ 3 ខែតុលា ឆ្នាំ 2018 នេះ បានរៀបចំសន្និសីទពិសេសមួយជាមួយនឹងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ស្តីអំពីភាពជោគជ័យ ក្នុងការធ្វើតេស្តបច្ចេកវិទ្យា 5Gថ្មី នៅក្នុងប្រទេសចិន និងប្រកាសអំពីការដាក់ឲ្យដំណើរការក្នុងប្រទេសកម្ពុជាឆាប់ៗនេះ ដើម្បីជម្រុញដល់ប្រពន្ធបច្ចេកវិទ្យាឲ្យកាន់តែទំនើប ហើយនាំកម្ពុជា ឆ្ពោះទៅកាន់ចំណុចមួយដែលពុំធ្លាប់មានពីមុន។
ក្នុងពិធីនេះ មានការធ្វើបទបង្ហាញអំពីចក្ខុវិស័យរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដើម្បីឆ្ពោះទៅសេដ្ឋកិច្ចឌីជីថល និងលទ្ធផលនៃការធ្វើតេស្ត 5G ប្រកបដោយជោគជ័យ ដែលត្រូវបានធ្វើឡើងនៅទីក្រុងសិនជិន ប្រទេសចិន ដែលអ៊ីនធឺណិតមានល្បឿនលឿនរហូតដល់ 1.5GB ក្នុងមួយវិនាទី។
ឯកឧត្តមរដ្ឋលេខាធិការ សុខ ពុទ្ធិវុធ បានអបអរសាទរចំពោះការធ្វើតេស្តដោយជោគជ័យនូវបច្ចេកវិទ្យា 5G របស់ក្រុមហ៊ុន Cellcard ដែលបានបោះជំហានទី 1 ចូលទៅក្នុងប្រព័ន្ធ 5G ដែលជាប្រព័ន្ធថ្មី និងវាយតម្លៃខ្ពស់ចំពោះចក្ខុវិស័យធ្វើបទបង្ហាញដោយក្រុមហ៊ុន ដែលនឹងផ្ដល់ជម្រើស និងការផ្លាស់ប្តូរនូវសក្ដានុពលជូនប្រជាជន និងសេដ្ឋកិច្ចប្រទេសកម្ពុជានាថ្ងៃអនាគត។ បច្ចេកវិទ្យា 5G នឹងអនុញ្ញាតឲ្យប្រទេសកម្ពុជា និងបដិវត្តន៍ឧស្សាហកម្ម បន្តលូតលាស់មួយកម្រិតទៀត។
ជាមួយនឹងបច្ចេកវិទ្យា 5G ថ្មីនេះ អាចឈរជើងនៅជួរមុខ ក្នុងការផ្ដល់ជូន នូវបច្ចេកវិទ្យាចុងក្រោយបំផុត ក្នុងវិស័យទូរគមនាគមន៍ ហើយក្រុមហ៊ុនសែលកាត បានបង្ហាញថា ខ្លួនបានត្រៀមខ្លួន រួចជាស្រេច ដើម្បីដឹកនាំការផ្លាស់ប្តូរនេះ និងនាំយកប្រទេសកម្ពុជា ឆ្ពោះទៅកាន់ ប្រភពឌីជីថល ប្រកបដោយអត្ថប្រយោជន៍ និងកាន់តែងាយស្រួល ក្នុងការប្រើប្រាស់ អ៊ីធើណេត កាន់តែលឿនជាងមុន ដែលពុំធ្លាប់មាន ។ សហគ្រាសទាំងអស់ អាចឈានមុខគេដោយគ្មានដែនកំនត់ ជាមួយបច្ចេកវិទ្យា 5G ដ៏ថ្មីស្រឡាងនេះ។ បច្ចេកវិទ្យា 5G អាចធ្វើបាន ដើម្បីកែលម្អជីវភាពរស់នៅ បង្កើតឳកាសការងារ និងជំរុញសេដ្ឋកិច្ចឲ្យទៅជាសេដ្ឋកិច្ចឌីជីថល៕