
ក្រុមហ៊ុន HMD Global បានចេញលក់ទូរស័ព្ទដំណើរការដោយប្រព័ន្ធ Android អស់រយៈពេលជិត 2 ឆ្នាំមកហើយ ប៉ុន្តែក្រុមហ៊ុននេះមិនទាន់បានដាក់ចេញស្មាតហ្វូន Android ម៉ូដែលណាមួយ ធ្វើឲ្យអ្នកគាំទ្រខ្លួន គគ្រឺតជើងធ្មេញនៅឡើយទេ។
តាមព័ត៌មានបែកធ្លាយបានបញ្ជាក់ថា ក្រុមហ៊ុន Nokia អាចនឹងបញ្ចេញកំពូលស្មាតហ្វូនថ្មីមួយដែលអាចធ្វើការប្រកួតប្រជែងជាមួយនឹង iPhone និងស្មាតហ្វូន Android ផ្សេងទៀតបំពាក់បញ្ចេកវិទ្យា PureView ក្រោយបានសម្រេចទិញត្រលប់មកវិញបច្ចេកវិទ្យាថតរូបលំដាប់កំពូលពីក្រុមហ៊ុន Microsoft ។ ជាមួយគ្នានោះ លោក Roland Quandt ដែលជាអ្នកព័ត៌មានផ្នែកបច្ចេកវិទ្យាបានសរសេរលើគណនី Twitter ថា ស្មាតហ្វូន Nokia 9 គឺនឹងមានឈ្មោះជាផ្លូវការហៅថា Nokia 9 PureView។
យោងតាមការចុះបញ្ជីនៅការិយាល័យ European Union Intellectual Property Office (EUIPO) ក្រុមហ៊ុន HMD Global ឥឡូវនេះមានសិទ្ធិប្រើប្រាស់ PureView វិញហើយ ដែលនេះមានន័យថាយើងអាចមើលឃើញ អនាគតទូរស័ព្ទ Nokia 808 PureView ដែលជាទីស្រឡាញ់ ឬទូរស័ព្ទដែលមានបច្ចេកវិទ្យាដូចគ្នានឹង Lumia 1020 ជាមួយកាមេរ៉ា 41 មេហ្គាភិចសែលជំនាន់ថ្មីម្ដងទៀត។
ដូច្នេះ មានន័យថា ព័ត៌មានពីទូរស័ព្ទ Nokia 9 PureView អាចក្លាយជាពិត។ ចំពោះស្មាតហ្វូន Nokia 9 អាចនឹងបំពាក់នូវកាមេរ៉ាដល់ទៅ 5 គ្រាប់ ដែលចំនួនកាមេរ៉ាច្រើនបំផុត ខណៈបច្ចុប្បន្នមានតែការប្រើប្រាស់កាមេរ៉ា 3 គ្រាប់ប៉ុណ្ណោះ។ យ៉ាងណាមិញ យើងមិនទាន់ទទួលបានព័ត៌មានពីថ្ងៃបង្ហាញខ្លួនស្មាតហ្វូនថ្មីនេះនៅឡើងទេ៕