Nokia បង្ហាញទូរស័ព្ទ 4 ម៉ូដែលត្រៀមវាយលុកទីផ្សារទូរស័ព្ទ

0

បរទេស៖ បើទោះ​បី​ជា​ស្ថិត​ក្នុង​ការ​រីក​រាល​ដាល​នៃ​វីរុស​កូវីដ ១៩ នៅជុំវិញ​សកល​លោក​ក៏​ពិត​មែន ប៉ុន្តែ​ វីរុស​នេះ​មិន​អាច​បញ្ឈប់​គម្រោង​នានា ដូច​ជា​ការ​ផលិត​ទូរស័ព្ទ​ស៊េរី​ថ្មី​របស់​ក្រុមហ៊ុន​ធំៗ​ឡើយ។ ជាមួយ​គ្នា​នេះ​ដែរ​ ក្រុមហ៊ុន HMD បាន​ធ្វើ​ការ​ប្រកាស​ពី​វត្តមាន​ទូរស័ព្ទ​ទំនើប​ប្រើ​ប្រព័ន្ធ​ទូរស័ព្ទ 5G ដំបូង​បំផុត​របស់​ក្រុមហ៊ុន ម៉ូដែល Nokia 8.3 5G ជា​មួយ​នឹង​ទូរស័ព្ទ​ម៉ូដែល​ផ្សេងៗ​ទៀត​មាន​ដូចជា Nokia 5.3, Nokia 1.3 និង Nokia 5310។

បើទោះ​បី​ជា​ក្រុមហ៊ុន​បាន​បញ្ចេញ​ទូរស័ព្ទ​ទំនើប 5G របស់​ខ្លួន​ក្រោយ​ក្រុមហ៊ុន​ទូរស័ព្ទ​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Android ផ្សេងទៀត​ក៏​ពិត​មែន ប៉ុន្តែ ក្រុមហ៊ុនអះអាង​ថា ការ​ចេញ​ក្រោយ​បន្តិច​នេះ​ នោះ​មាន​ន័យ​ថា Nokia 8.3 5G មាន​ការ​គាំទ្រ​ប្រព័ន្ធ​ទូរស័ព្ទ 5G ក្នុង​វិសាលភាព​ធំ​ និង​ទូលំទូលាយ​ជាង​ដៃគូ​ប្រកួត​ប្រជែង​ខ្លួន ហើយនេះ​ក៏​មាន​ន័យ​ថា ទូរស័ព្ទ​នេះ​អាច​គាំទ្រ​ប្រព័ន្ធ​ទូរស័ព្ទ 5G ឆ្លង​កាត់​ប្រទេស​នានា​បាន​កាន់​តែ​ច្រើន។ ក្រុមហ៊ុន HMD កាន់តែ​ឈានមុខ​ជាមួយ​នឹង​ទូរស័ព្ទ​ទំនើប​ឆ្លាត​វៃ Nokia 8.3 5G នេះ ដែលមាន​ងារ​ថាជា “ទូរស័ព្ទ​ឆ្លាតវៃ 5G សកល​ដំបូង​បំផុត”។

លើសពីការ​ភ្ជាប់​សេវា​ទូរស័ព្ទ​ហើយ​នោះ HMD ក៏ចង់​បង្ហាញ​ពី​សមត្ថភាព​នៃ​កាមេរ៉ា​របស់​ទូរស័ព្ទ Nokia 8.3 5G ទៅលើ​ការ​ថត​វីដេអូផង​ដែរ។ ទូរស័ព្ទ​ម៉ូដែល​នេះ​មាន​កាមេរ៉ា​ខាង​ក្រោយ 4 គ្រាប់ (កាមេរ៉ា sensor ទំហំ 64 មេហ្គាភិចសែល កាមេរ៉ា ultrawide ទំហំ 12 មេហ្គាភិចសែល កាមេរ៉ា​ macro ទំហំ 2 មេហ្គាភិចសែល និង​កាមេរ៉ា depth sensor ទំហំ 2 មេហ្គាភិចសែល) អាចថត​វីដេអូ​បាន​ដល់​ទំហំ 4K យ៉ាង​ច្បាស់។ លើស​ពី​នេះ កាមេរ៉ា​មុខ​វិញ​មាន​ទំហំ 24 មេហ្គាភិចសែល។ កាមេរ៉ា​ទាំង​មុខ​ ទាំង​ក្រោយ​អាច​ឱ្យ​លោក​អ្នក​ថត​រូប និង​វីដេអូបាន​យ៉ាង​ច្បាស់ ប្រៀប​ដូច​ជា​កាមេរ៉ា​អាជីព​ ហើយ​ថែម​ទាំង​អាច​ឱ្យ​លោក​អ្នក​ធ្វើការ​កែ​រូបថត​បាន​ច្រើន​ជម្រើស​ទៀត​ផង។

បន្ថែម​ពី​កាមេរ៉ា​ដ៏​ឥត​ខ្ចោះហើយ​នោះ Nokia 8.3 5G មាន​អេក្រង់​ទំហំ 6.81 អ៊ីង បញ្ចេញ​ពន្លឺ​ដោយ​ស្វ័យ​ប្រវត្តិ​ស្រប​តាម​បរិយាកាស​ពន្លឺ។ ដំណើរការ​របស់​ទូរស័ព្ទ​មាន​ល្បឿនលឿន​ពី​ការ​ប្រើ​បន្ទះ​ឈីប​ Snapdragon 765G ហើយ​ថ្ម​កាន់បាន​យូរ​ថ្ងៃ​ពី​ថ្មថាមពល 4500mAh។ ជាង​នេះ​ទៀត​ ប្រព័ន្ធស្កេន​ក្រយ៉ៅដៃ​ស្ថិត​នោះលើ​ប៊ូតុង​បិទ​បើក​តែ​ម្ដង។ ប្រសិន​បើ​លោក​អ្នកជាអ្នក​និយម​លេង​ហ្គេម ​និង​ប្រើ​កម្មវិធី​ធំៗ នោះពិត​ជា​រីករាយ​ក្នុង​ការ​ប្រើទូរស័ព្ទ​នេះ​ដោយល្បឿន​លឿន មិនទាក់​ជាមួយ​នឹង RAM ទំហំ 6GB និង​អង្គចង​ចាំ​ទំហំ 64GB (មានតម្លៃប្រហែល $650) និងម៉ូដែល​ដែល​មាន RAM ទំហំ 8GB និង​អង្គចងចាំ 128GB (មាន​តម្លៃ​ប្រហែល $695) ដែល​ក្រុមហ៊ុន​គ្រោង​នឹង​ចេញ​លក់​នៅ​ដើម​រដូវ​ក្ដៅខាង​មុខ​នេះ។

ងាក​មក​មើល​ទូរស័ព្ទ​មួយ​ម៉ូដែល​ទៀត​នោះ គឺទូរស័ព្ទ​ម៉ូដែល 5.3 ដែល​ជា​ទូរស័ព្ទ​ទំនើប​មួយ​ផង​ដែរ។ ទូរស័ព្ទ​ម៉ូដែល​នេះបាន​ស្នង​ត្រកូល​ពី​ទូរស័ព្ទ​ម៉ូដែល 5.1 ដែលបាន​ចេញ​លក់​នៅ​ឆ្នាំ 2018 នោះ។ ទូរស័ព្ទ​ម៉ូដែល​នេះ​មាន​កាមេរ៉ា​ក្រោយ​ចំនួន 4 គ្រាប់ ដោយកាមេរ៉ា​ចម្បង​មាន​ទំហំ 13 មេហ្គាភិចសែល កាមេរ៉ា​ ultrawide angle មានទំហំ 5 មេហ្គាភិចសែល កាមេរ៉ា macro មានទំហំ 2 មេហ្គាភិចសែល និង​កាមេរ៉ា depth sensor មានទំហំ 2 មេហ្គាភិចសែល។ អេក្រង់​របស់​ទូរស័ព្ទ​មាន​ទំហំ 6.55 អ៊ីង ជាមួយ​នឹង​គ្រាប់​កាមេរ៉ា​នៅ​ផ្ទៃខាង​មុខ​រាង​តូច ទំហំ 8 មេហ្គាភិចសែល។ ដំណើរការ​ដោយ​បន្ទះ​ឈីប Snapdragon 665 ថ្ម​ថាមពល 4000mAh សាកថ្ម​ពេញ​ម្ដង អាច​ប្រើបាន​ប្រហែល 2 ថ្ងៃ RAM មាន​ទំហំ 4GB និង​អង្គចង​ចាំ​ទំហំ 64GB នឹងគ្រោង​ចេញ​លក់​នៅ​ខែមេសា​ដោយ​មាន​តម្លៃ​ប្រហែល $205។

ជាមួយគ្នា​នេះ​ផង​ដែរ ទូរស័ព្ទ​ម៉ូដែល 1.3 ដែល​ជា​ទូរស័ព្ទ​បែប​សន្សំ​សំចៃ​វិញ​នោះ​ ត្រូវ​បាន​ផលិត​ឡើង​ដោយ​មាន​អេក្រង់​ទំហំ 5.71 អ៊ីង ប្រើ​បន្ទះ​ឈីប Snapdragon 250 មាន​កាមេរ៉ា​តែ​មួយ​ប៉ុណ្ណោះ ទំហំ 8 មេហ្គាភិចសែល​នៅ​ខាង​ក្រោយ ប៉ុន្តែ ទូរស័ព្ទ​នេះ​មាន​កម្មវិធី​ថត​រូបថ្មី​របស់ Google គឺ​កម្មវិធី Camera GO រួច​ជា​ស្រេច ដែលមាន​ន័យ​ថា ការ​ថត​រូប គឺពិត​ជា​ឥត​ខ្ចោះ​ស្រប​តាម​ស្តង់ដារ​រូបថត​របស់ Google តែម្ដង។ ទូរស័ព្ទ​ម៉ូដែល​នេះ​នឹង​មាន​ចេញ​លក់​នៅ​ខែមេសា​ខាង​មុខ​ផង​ដែរ។

សម្រាប់​ទូរស័ព្ទ​ម៉ូដែល​ចុង​ក្រោយ​ដែល​ក្រុមហ៊ុន​បាន​បង្ហាញ​ដល់​សាធារណ​ជន​ផង​ដែរ​នោះ ​គឺទូរស័ព្ទ​ម៉ូដែល Nokia 5310 ជា​ទូរស័ព្ទ​ផលិត​ឡើង​វិញ​តាម​ទូរស័ព្ទម៉ូ​ដែល 5310 ផលិត​នៅ​ឆ្នាំ 2007។ កាល​ពី​ឆ្នាំ 2007 ទូរស័ព្ទ​ម៉ូដែល​នោះ​មាន​ការ​ពេញ​និយម និង​ល្បីរន្ទឺ​ទូទាំង​ពិភព​លោក។ ទូរស័ព្ទ​ម៉ូដែល 5310 ដែលបាន​បង្ហាញ​រូបរាង​នា​ពេល​ថ្មីៗ​នេះ​វិញ អាច​ប្រើសម្រាប់​កិច្ចការ​ទំនាក់​ទំនង​ទូទៅ​បែប​សាមញ្ញៗ។ ទូរស័ព្ទ​នេះប្រើប្រព័ន្ធ​ប្រតិបត្តិការ Nokia Series 30+ ប្រើប្រព័ន្ធ​ទូរស័ព្ទ 2G។ ទូរស័ព្ទនេះ​នឹង​ត្រូវ​គេ​គ្រោងចេញ​លក់​នៅ​ចុង​ខែ​មីនា​នេះ ក្នុង​តម្លៃ​ប្រហែល $42។ សម្រាប់​ព័ត៌មាន​លម្អិត​ និង​តម្លៃ​របស់​ទូរស័ព្ទ​ទាំង 4 ម៉ូដែលនេះ​ចេញលក់​នៅ​ប្រទេសកម្ពុជា​យើង​នៅ​ពេលណា តម្លៃ​ប៉ុន្មាន​នោះ​ គឺ​មាន​តែរង់ចាំ​មើល​ទាំង​អស់គ្នា៕