ក្រុមហ៊ុនបច្ចេកវិទ្យាចំនួន៣ កំពុងចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងការរីករាលដាលនៃវ៉រុសកូវីដ-១៩

0

បរទេស៖ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនយក្ស Apple បានឧបត្ថម្ភម៉ាសប្រភេទ N95 ចំនួន ៩លានម៉ាស ក្នុងយុទ្ធនាការចូលរួមប្រយុទ្ធប្រឆាំងការរីករាលដាលនៃវ៉រុសកូវីដ-១៩ នេះបើយោងតាមការលើកឡើងរបស់លោកអនុប្រធានាធិបតី Mike Pence នៅក្នុងសន្និសីទកាសែត នាថ្ងៃអង្គារ នេះ ។

ទាក់ទងជាមួយគ្នានេះដែរ លោក Tim Cook ក៏បានសរសេរនៅលើគណនី Twiter របស់លោកថា ចំនួនម៉ាសដ៏ច្រើនសន្ធឹកសន្ធាប់ខាងលើនេះ លោកនឹងបរិច្ចាគទៅដល់ក្រុមបុគ្គលិកពេទ្យ ដែលនៅសហរដ្ឋអាមេរិក និងអ៉ឺរ៉ុប ខណៈដែលធ្លាប់បានឮលោកអនុប្រធានាធិបតី Mike Pence មានប្រសាសន៍ថា បណ្ដាក្រុមហ៊ុនគួរតែនាំគ្នាជួយឧបត្ថម្ភជាម៉ាសយ៉ាងហោចណាស់ចំនួន ២លានម៉ាស ក្នុងយុទ្ធនាការប្រឆាំងនឹងការរីករាលដាលនៃវីរុសកូវីដ-១៩ ។
តាមប្រភពព័ត៌មានពី businessinsider បានឲ្យដឹងថា យ៉ាងហោចណាស់មានមន្ទីរពេទ្យចំនួន ២នៅក្នុងទីក្រុងញូយ៉ក កំពុងត្រូវការម៉ាសយ៉ាងខ្លាំង ខណៈដែលមន្ទីរពេទ្យនេះ គឺជាទីកន្លែងប្រមូលផ្ដុំអ្នកជំងឺកូវីដ-១៩ ។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ក្រៅពីក្រុមហ៊ុន Apple ដែលបានឧបត្ថម្ភម៉ាស N95 ចំនួន ៩លានម៉ាស គេក៏បានឃើញសារពីក្រុមហ៊ុន Tesla បានសសរសេរថា ខ្លួននឹងឧបត្ថម្ភម៉ាសប្រភេទ N95 ចំនួន ២៥០,០០០ម៉ាស ចំណែកក្រុមហ៊ុន Facebook ក៏បង្ហាញពីគម្រោងឧបត្ថម្ភម៉ាសក្នុងចំនួនខ្ទង់លាន ដើម្បីចូលរួមក្នុងយុទ្ធនាការប្រឆាំងនឹងវីរុសដ៏កាចសាហាវកូវីដ-១៩ ៕
ប្រភព៖ businessinsider