ក្រសួងទម្លាក់លេខឲ្យពលរដ្ឋតេប្ដឹងភ្លាម ករណីក្រុមហ៊ុនមិនព្រមដោះស្រាយ លើបញ្ហារឿងកាត់លុយ និងបញ្ហាផ្សេងទៀត

រាជធានី​ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២០ និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា បានប្រកាស​ឲ្យ​បងប្អូន​អ្នកប្រើប្រាស់​សេវា​ទូរស័ព្ទ និង​អ៊ីនធឺណិត​ចល័ត​ទាំងអស់​ទំនាក់ទំនង​ទៅកាន់​ក្រុមហ៊ុន​ផ្តល់​សេវា​ទូរស័ព្ទ​ចល័តនីមួយភ្លាមៗ ប្រសិនបើ​រកឃើញថា ប្រព័ន្ធ​ទាំងនោះ​កាត់លុយ​មិនដឹង​រឿង និង​មាន​បញ្ហា​បណ្តាញ​មិនល្អ ដើម្បី​ឲ្យ​ក្រុមហ៊ុន​ដោះស្រាយ​ជូន​បាន​ទាន់ពេល។

ការចេញ​សេចក្ដីជូនដំណឹង​ធ្វើឡើង​បន្ទាប់ពី​មាន​អ្នកប្រើប្រាស់​មួយចំនួន​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​បង្ហាញ​ពី​អារម្មណ៍​មិន​ពេញចិត្ត ចំពោះ​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរស័ព្ទ​កាត់លុយ​មិនដឹង​រឿង ដាក់​អស់​ដាក់​អស់។

តាមរយៈ​សេចក្ដីជូនដំណឹង​នេះ​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា ក៏បាន​បង្ហាញ​លេខ​ទំ​ទាក់​ទំនង​របស់​ផ្នែក​បម្រើ​អតិថិជន​របស់​ក្រុមហ៊ុននីមួយៗសម្រាប់​ទាក់ទង និង​ឲ្យ​ពលរដ្ឋ​ដាក់ពាក្យ​ប្ដឹង​មកកាន់​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា ដើម្បី​សុំ​ការអន្តរាគមន៍ ក្នុងករណី​ក្រុមហ៊ុន​ទាំងនោះ​នៅ​មិន​ព្រម​ដោះស្រាយ ឬ​ដោះស្រាយ​មិនបាន​ត្រឹមត្រូវ៕