អ្នកប្រើគួរ Update ប្រព័ន្ធ iOS និង macOS ជំនាន់ចុងក្រោយ បើមិនចង់រងគ្រោះពីពួក Hacker

បរទេស៖ ថ្មីៗនេះ អ្នក​ស្រាវ​ជ្រាវ​​ផ្នែក​សន្តិសុខ​ បានក្រើនរំឮកឲ្យអ្នកប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុន Apple ទាំងអស់គួរតែធ្វើការ Update ប្រព័ន្ធ iOS និង macOS ទៅកាន់ជំនាន់ចុងក្រោយឲ្យបានគ្រប់ៗគ្នា ប្រសិន​មិន​ចង់​រងគ្រោះពីពួក Hacker ដែលពួកគេអាចមានលទ្ធភាព បញ្ជារ និងគ្រប់គ្រងកាមេរ៉ាមុខ ឬ Webcam  ព្រម​នឹង​មីក្រូហ្វូន​អ្នកប្រើប្រាស់​បានយ៉ាងងាយស្រួលបំផុត។

តាមការចុះផ្សាយលើរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា (Anti Cyber Crime Department) កម្ពុជា បានឲ្យដឹងថា ថ្វីត្បិតតែ​ Apple មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ខាង​ផ្នែក​សុវត្ថិភាព ប៉ុន្តែថ្មីៗនេះ​អ្នក​ស្រាវ​ជ្រាវ​​ផ្នែក​សន្តិសុខ​បាន​ចែករំលែក​ជា​សាធារណៈ​នូវ​ការរកឃើញ អំពី​ភាព​ងាយ​រងគ្រោះ​ដែល​អាចឱ្យ​អ្នក​វាយប្រហារ ចូលទៅ​កាន់កាប់ Webcam និង​មីក្រូហ្វូន​តាមរយៈ Safari ដែលជា Web browser របស់​ឧបករណ៍ iOS និង macOS។

ជនអនាមិក​ (Hacker) បានប្រើ​មុខងារ​របស់​កម្មវិធី Safari ដែល​អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់​កត់​ទុក​នូវ​កម្មវិធី​ដែល​អាច​ប្រើ Webcam ឬ មីក្រូហ្វូន ដោយ​គេ​បង្កើត​គេហទំព័រ​ក្លែងក្លាយ ដើម្បី​បោក​បញ្ឆោត​ជនរងគ្រោះ ឱ្យ​ចុច​លើ​តំណរ​ភ្ជាប់ (ដែល​អាច​បំប្លែង​ជា​កម្មវិធីផ្សេង) របស់​ពួកគេ បន្ទាប់មក​គេ​ក៏​អាច​លួច​ប្រើ Webcam ឬ​មីក្រូហ្វូន​របស់​ជនរងគ្រោះ ក្នុង​គោលបំណង​ចាប់យក​វីដេអូ ថតរូប​ភាព ឬ​ថត​សំឡេង​បានតែ​ម្ដង។ នេះ​គឺជា​ឧទាហរណ៍​មួយ​ដែល អ្នកប្រើប្រាស់​គួរ​មានការ​ប្រុងប្រយ័ត្ន​ក្នុង​ការចូល គេហទំព័រផ្សេងៗ និង​សូមកុំ​ចុច​លើ​តំណរ​ភ្ជាប់ ដែល​លោក​អ្នកឃើញ​លើ​គេហទំព័រ​ពី​ប្រភព​មិន​ច្បាស់លាស់។

ជាមួយគ្នានេះ ក្រុមហ៊ុន Apple ក៏បានធ្វើ​បច្ចុប្បន្នភាព​ដើម្បី​ការពារ​ពី​ការវាយប្រហារ កាលពី​ខែមករា (iOS 13.3.1) និង​ខែ​មិនា (Safari 13.1 សម្រាប់ macOS) ប៉ុន្តែ​ពុំមាន​សារព័ត៌មាន​ណា បានធ្វើការ​ផ្សព្វផ្សាយរ​ហូត​ដល់​សប្ដាហ៍​មុននេះ ដើម្បី​ទុក​ឱកាស​ឱ្យ​អ្នកប្រើប្រាស់​ធ្វើ​បច្ចុប្បន្នភាព និង​ដើម្បី​ជៀសវាង​អ្នក​វាយប្រហារ​ខ្លះ​ដឹង​ពី​ចំណុចខ្សោយ​នេះ។ ដូច្នេះ​សូម​លោក​អ្នកធ្វើ​បច្ចុប្បន្នភាព ប្រព័ន្ធ​ប្រតិបត្តិការ iOS និង Safari សម្រាប់ macOS ជាបន្ទាន់ ដើម្បី​ការពារ​នឹង​ការវាយប្រហារ​នេះ៕