Google បន្ថែមមុខងារស្កេនផ្ទៃមុខដោយត្រូវបើកភ្នែកដើម្បីដោះសោទូរស័ព្ទ Pixel 4

ប្រសិនបើលោកអ្នកកំពុងប្រើទូរស័ព្ទ Pixel 4 ឬ Pixel 4 XL ប្រព័ន្ធប្រតិបត្តិការ Android 10 ដែលធ្វើបច្ចុប្បន្នភាពសម្រាប់ខែមេសា នឹងធ្វើឱ្យទូរស័ព្ទរបស់លោកអ្នកកាន់តែមានសុវត្ថិភាពជាងមុនពីមុខងារដោះសោដោយប្រើការស្កេនផ្ទៃមុខ និងត្រូវបើកភ្នែក។

ក្រោយពីបានចំណាយពេលប្រហែល 6 ខែមកនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google បានធ្វើការកែសម្រួលកម្មវិធីដោះសោតាមរយៈការស្កេនផ្ទៃមុខជាមួយទូរស័ព្ទ Pixel 4 កាលពីសប្ដាហ៍មុន ដោយបានបន្ថែមមុខងារ “តម្រូវឱ្យបើកភ្នែក” ឬ Require eyes to be open ដើម្បីអាចដោះសោទូរស័ព្ទបាន។ មួយវិញទៀត មុខងារនេះអនុញ្ញាតឱ្យអ្នកប្រើអាចបើក ឬបិទមុខងារនេះបានតាមចំណង់ចំណូលចិត្តរបស់ពួកគេ។ ការកែសម្រួលនេះត្រូវបានធ្វើឡើង ដោយសារតែអ្នកជំនាញផ្នែកសុវត្ថិភាពមួយចំនួនមានការព្រួយបារម្ភពីប្រព័ន្ធសុវត្ថិភាពមួយនេះ ដោយកាលពីខែតុលាឆ្នាំមុន ពេលដែលក្រុមហ៊ុន Google ចាប់ផ្ដើមដាក់លក់ទូរស័ព្ទ Pixel 4 ប្រព័ន្ធដោះសោនេះអាចឱ្យអ្នកប្រើប្រាស់ដោះសោបានទោះបីជាពួកគេបិទភ្នែកក៏ដោយ។ នេះមានន័យថា អ្នកដទៃអាចដោះសោទូរស័ព្ទរបស់លោកអ្នកបានយ៉ាងងាយស្រួល នៅពេលដែលលោកអ្នកកំពុងគេងលក់។

លើសពីការធ្វើកំណែប្រែបច្ចុប្បន្នភាពនេះ ក្រុមហ៊ុនក៏បានធ្វើការកែសម្រួលបញ្ហាមួយចំនួនទៀត ដែលទាក់ទងនឹងប្រព័ន្ធ Bluetooth ខ្សោយពិបាកក្នុងការភ្ជាប់ជាមួយឧបករណ៍ខ្លះៗ និងការធ្លាក់ចុះនៃសំឡេងនៅពេលដែលមានការហៅចូលតាមរយៈការប្រើ Bluetooth ជាដើម។

ហេតុដូចនេះហើយ ដើម្បីជៀសវាងការលួចប្រើទូរស័ព្ទ និងដើម្បីការពារទិន្នន័យក្នុងទូរស័ព្ទ លោកអ្នកគួរតែធ្វើបច្ចុប្បន្នភាពទាក់ទងនឹងប្រព័ន្ធសុវត្ថិភាពនេះ៕