បែកធ្លាយរូបរាងស្មាតហ្វូនស៊េរីថ្មីរបស់ Sony ជាមួយកាមេរ៉ាមុខបែបទម្លុះអេក្រង់

បរទេស៖ បន្ទាប់​ពី​ស្ងប់ស្ងាត់​មួយ​រយៈ និង​មិន​សូវ​មាន​ព័ត៌មាន​ច្រើន​ដូច​គេ ថ្មីៗ​នេះ​ស្រាប់​តែ​មាន ព័ត៌មាន​មួយ​បង្ហាញ​​​​ថា​​ក្រុមហ៊ុន Sony កំពុង​ធ្វើ​ការ​ទៅ​លើ​ស្មាតហ្វូន Xperia 5 ii 5G ដែល​ជា​ទូរស័ព្ទ​ជំនាន់​ថ្មី​មាន​រាង​ប្លែក​ អេក្រង់​ថ្មី​លាត​ពេញ​ផ្ទៃ​ខាង​មុខ​ និង​មាន​​កាមេរ៉ា​បែប​ទម្លុះ​អេក្រង់​ដូច​ទៅ​នឹង​ទូរស័ព្ទ Galaxy Note 10 របស់​ក្រុមហ៊ុន​ Samsung ហើយ​សល់​គែម​​មិន​ច្រើន​ដូច​មុន​ទៀត​ឡើយ​។

រូបរាង​របស់​ទូរស័ព្ទ Xperia 5 ii 5G នេះ ត្រូវ​បាន​បែក​ធ្លាយ​ បន្ទាប់​ពី​ក្រុមហ៊ុន​ធ្លាប់​ប្រកាស​​​ថា​នឹង​​ចេញ​​ស្មាតហ្វូន​ថ្មី​​​មួយ​ទៀត ​សម្រាប់​មក​ជំនួស​តំណែង​របស់ Xperia 1 កាល​ពី​ 2 ខែមុន។ តាម​រយៈ​រូបភាព​បែក​ធ្លាយ​ Xperia 5 ii 5G មាន​ផ្ទៃ​ខាង​មុខ​លាត ពេញ និង​មាន​កាមេរ៉ា​មុខ​មួយ​គ្រាប់​ចោះ​ទម្លុះ​កណ្ដាល​ថ្ងាស​ ផ្ដល់​ភាព​ស្រស់​ស្អាត​ខ្លាំង​មែន​ទែន​។ ដោយ​ឡែក​ផ្នែក​ខាង​ក្រោយ​វិញ ស្មាតហ្វូន​នៅ​រក្សា​រចនាប័ទ្ម​បែប Sony ដដែល ប៉ុន្តែ​ដែល​ចម្លែក​ គឺ​អក្សរ​ ZEISS នៅ​ជិត​កាមេរ៉ា 3 គ្រាប់ ដែល​វា​ចង់​បញ្ជាក់​ថា​ស្មាតហ្វូន​នេះ មិន​បាន​ប្រើប្រាស់​កាមេរ៉ា​ដែល ជា​ផលិតផល​ដោយ Sony ផ្ទាល់​ទេ ប៉ុន្តែ​អាច​នឹង​ប្រើ​កាមេរ៉ា​មក​ពី​ក្រុមហ៊ុន​ ZEISS ដែល​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​កាមេរ៉ា​ឲ្យ​ទូរស័ព្ទ Nokia ទៅ​វិញ​។

តាម​បើ​រូបភាព​ខាង​លើ Xperia 5 ii 5G នៅ​តែ​រក្សា​រន្ធ​ដោត​កាស 3.5mm ដដែល នៅ​ជិត​នឹង​រន្ធ​សាក​ថ្ម USB-Type C ហើយ​នៅ​ផ្នែក​ខាង​ក្នុង​វិញ វា​អាច​នឹង​ប្រើ​បន្ទះឈី​ប Snapdragon 865 និង​រ៉េម​ 8GB ហើយ​ប្រើ​ប្រព័ន្ធ 5G ។ យ៉ាងណាមិញ យើង នៅ​មិនទាន់​មាន​ដំណឹង​អ្វី​បន្ថែម​ទេ​ពី​ស្មាតហ្វូន​មួយ​នេះ។ ចំពោះ​ប្រិយមិត្ត​វិញ តើ​យល់​យ៉ាង​ណា​ដែរ ប្រសិន​បើ Sony ពិត​ជា​ដាក់​ចេញ​នូវ​ស្មាតហ្វូន​មាន​រូបរាង​បែប​នេះ​មែន​?