Galaxy Fold ធ្លាក់ថ្លៃជិតពាក់កណ្ដាល បន្ទាប់ពីចូលទីផ្សារកម្ពុជា មិនបានប៉ុន្មានខែ

ភ្នំពេញ៖បន្ទាប់ពីចូលទីផ្សារកម្ពុជា តំណាលគ្នានឹងទូរសព្ទ iPhone11 Pro Max កាលពីចុងឆ្នាំ 2019 ទូរសព្ទកូនកាត់ថេប្លែតGalaxy Fold របស់ក្រុមហ៊ុន Samsung បានកំពុងធ្លាក់ថ្លៃយ៉ាងគំហុកពី3,200 ដុល្លារ មកនៅត្រឹម 1,700 ដុល្លារខណៈតាមហាងខ្លះនៅ 1,650 ដុល្លារ គិតត្រឹមចុងខែមេសា ឆ្នាំ 2020នេះ។

ការចុះថ្លៃយ៉ាងសន្ធឹកនេះត្រូវបានម្ចាស់លក់ទូរសព្ទមួយកន្លែងនៅម្ដុំផ្សារដេប៉ូបានបញ្ជាក់ឱ្យដឹងថា អតិថិជន​មួយ​ចំនួន​សាញនឹងតម្លៃដ៏ខ្ពស់របស់វាបើទោះបីទូរសព្ទកូនកាត់ថេប្លែតមួយនេះប្លែក និងទំនើបយ៉ាងណាក្ដី ពួកគាត់បានត្រឹមតែចាប់អារម្មណ៍ប៉ុន្តែមិនហ៊ានចំណាយ ទិញវាមកប្រើនោះទេ។

ម្ចាស់ហាងដែលសុំមិនឱ្យបញ្ចេញឈ្មោះខាងលើបានបញ្ជាក់ទៀតថា សម្រាប់ទូរសព្ទកូនកាត់ថេប្លែត Samsung Galaxy Fold ដែលកំពុងមានវត្តមានលក់នេះ មិនមែនជាផលិតផលនាំចូលផ្លូវការរបស់ក្រុមហ៊ុន Samsung ប្រចាំប្រទេសកម្ពុជា នោះទេ គឺវាជារបស់ឈ្មួញនាំចូលក្រៅផ្លូវការប៉ុណ្ណោះ។ ពេលចេញដំបូងវាតម្លៃ 3200 ដុល្លារ ប៉ុន្តែបច្ចុប្បន្នធ្លាក់មកត្រឹម 1700ដុល្លារតែប៉ុណ្ណោះ។

អ្នកស្រីបញ្ជាក់បន្ថែមថា៖ «តាំងពីដាក់លក់មក ខ្ញុំលក់បានប្រហែល 10 គ្រឿង​ដែរ។អ្នកមកទិញភាគ​ច្រើន​ជា​ម៉ូយ​ចាស់ ដែលពួកគាត់មិនខ្វល់នឹងតម្លៃនិងចង់បានរបស់ប្លែកយកទៅប្រើឱ្យបានមុនគេ។»

យ៉ាងមិញដ្បិតតែទីផ្សារកម្ពុជាGalaxy Fold របស់ក្រុមហ៊ុន Samsungហាក់មិនសូវទទួលបានការគាំទ្រខ្លាំង ប៉ុន្តែបើក្រលេកមើលទីផ្សារបរទេសវិញ ទូរសព្ទកូនកាត់ថេប្លែតមួយនេះត្រូវបានលក់ចេញអស់ជាង 1 លានគ្រឿងឯណោះ។

សូមបញ្ជាក់ថា៖ GalaxyFold មានអេក្រង់ខាងក្នុងទំហំ 7.3 អ៊ីញជាមួយអេក្រង់ខាងក្រៅទំហំ 4.6 អ៊ីញ ប្រើប្រាស់ឈីប Snapdragon855 មានរ៉េមទំហំ 12GB បូករួមអង្គផ្ទុកទិន្នន័យ512GB ជាប្រភេទ UFS 3.0 ដែលមានថាមពលថ្ម4,380mAh ដោយទីផ្សារកម្ពុជា បច្ចុប្បន្នមានតម្លៃចន្លោះ 1600ទៅ 1700 ដុល្លារនៅតាមហាងលក់ទូរសព្ទធំៗក្នុងរាជធានីភ្នំពេញ៕