Motorola ប្រកាសចេញស្មតហ្វូន Edge+ មានតម្លៃជាង $1K

បរទេស៖ ក្រោយស្ងាត់ស្ទើតែបាត់ឈ្មោះពីពិភពស្មាតហ្វូន ថ្មីៗនេះ ក្រុមហ៊ុន Motorola បាន​ប្រកាស​ចេញ​នូវ​ស្មាត​ហ្វូនតម្លៃថ្លៃ លើរូបរាងដ៏ប្រណិតជាលើកដំបូង បន្ទាប់ពីក្រុមហ៊ុននេះ ត្រូវ​បាន​ទិញ​យក​គ្រប់​គ្រង់​ដោយ​ម្ចាស់​ថ្មី។

ចំពោះស្មាតហ្វូនដែលក្រុមហ៊ុនទើបដាក់ចេញមានឈ្មោះថា Motorola Edge+ ដែលវាបាន​បំពាក់ជាមួយនឹង ​អេក្រង់ 6.7 អ៊ីញ ប្រភេទ AMOLED មាន HDR10+ លើ Refresh Rate ដល់ទៅ 90Hz។ ជាមួយនឹងកម្រិត​បង្ហាញ​នៃ​អេក្រង់​​គឺ 1080p+ និងមានកាមេរ៉ាមេរ៉ា​ចោះទម្លុះអេក្រង់​នៅផ្នែកខាងឆ្វេងទំហំ 25MP និង​មាន​ទ្រនាប់​ស្កេន​ម្រាម​ដៃ​លើ​អេក្រង់​ផង​ដែរ។

Motorola Edge+ ត្រូវបានក្រុមហ៊ុនប្រើនូវអេក្រង់កោងគែមទាំងសងខាង ដូចនឹងឈ្មោះរបស់វា ខណៈ​កាមេរ៉ា​ខាង​​ក្រោយ​មាន​ទំហំ 108 MP ដែលជាទំហំបំផុតសម្រាប់​ស្មាតហ្វូន​របស់ Motorola។ កាមេរ៉ា​នេះ​មាន​ Aperture f/1.8 និង​មាន​មុខងារ​ទប់​លំនឹង​មក​ជា​មួយ​បច្ចេកវិទ្យា​ 4-in-1 pixel binning។

កាមេរ៉ា​បន្ទាប់​គឺ​ជា​ប្រភេទ Telephoto មាន​ទំហំ 8MP អាច​ Zoom Optical បាន​បី​ដង និង​មាន​មុខងារ​រក្សា​លំនឹង​ដែរ។ កាមេរ៉ា​ចុង​ក្រោយ​ជា​ប្រភេទ Ultra-Wide មាន​ទំហំ 16MP ដែល​អាច​ប្រើ​សម្រាប់​ថត​រូប Macro បាន និង​មាន​កាមេរ៉ា​វាស់​ជម្រៅ ToF ផង​ដែរ។ ដោយឡែកបន្ទះ​ឈីបវិញ Motorola Edge+ បានបំពាក់នូវបន្ទះឈីប Snapdragon 865 អាចប្រើប្រព័ន្ធ 5G លើទំហំRAM ទំហំ 12GB ជា​ប្រភេទ LPDDR5 រួម​ជា​មួយ​អង្គ​ផ្ទុក​ប្រភេទ UFS 3.0 ទំហំ 256GB ហើយមាន​ថ្ម​ទំហំ 5000 mAh អាចសាកថ្ម​ល្បឿន​លឿនកម្លាំង 18W តាម​រន្ធ USB-C។ ស្មាតហ្វូននេះ នឹងចេញលក់នៅទីផ្សារអាមេរិកនៅអំឡុងខែឧសភា ជាមួយតម្លៃលើសពី 1000 ដុល្លារជាមួយនឹងជម្រើសពណ៌ Smokey Sangria និង​ Thunder Grey៕