
រាជធានីភ្នំពេញ៖ ក្រុមហ៊ុន HMD Global ដែលជាក្រុមហ៊ុនមេរបស់ Nokia បានសម្រេចធ្វើការសម្ពោធលក់ជាផ្លូវការនូវទូរស័ព្ទ Nokia 6.1 Plus និង Nokia 2.1 សម្រាប់ទីផ្សារកម្ពុជា យើងហើយ កាលពីព្រឹកថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០១៨ នេះ។
ទូរស័ព្ទទាំង ២ ម៉ូដែលមានលក្ខណៈសម្បត្តិ និងតម្លៃខុសគ្នាស្របតាមតម្រូវការរបស់អ្នកប្រើប្រាស់។ បើតាមលោក គៀង សុខផេង អ្នកគ្រប់គ្រងក្រុមហ៊ុន HMD Global ប្រចាំនៅប្រទេសកម្ពុជា និងឡាវ បានមានប្រសាសន៍ថា « ដោយមើលឃើញពីតម្រូវការ និងការគាំទ្រយ៉ាងច្រើនពីអ្នកប្រើប្រាស់ ក្រុមហ៊ុនបានសម្រេចនាំយកទូរស័ព្ទ Nokia 6.1 Plus មានរូបរាងដ៏ប្រណិត និងមានដំណើររលូនជាមួយនឹងតម្លៃប្រកួតប្រជែងលើទីផ្សារ ក៏ដូចជាទូរស័ព្ទលំដាប់កម្រិតថវិកា Nokia 2.1 ដែលអេក្រង់ធំជាងមុន រន្ធបំពងសំឡេង Stereo ឮខ្លាំងថ្មី រួមនឹងមានថ្មប្រើបាន ២ ថ្ងៃ សម្រាប់ផ្គាប់ចិត្តអតិថិជនដែលចង់បានស្មាតហ្វូនប្រើ ប៉ុន្តែមិនចង់ចំណាយច្រើន។
អ្នកគ្រប់គ្រងខាងលើបានបន្ថែមថា សម្រាប់ទូរស័ព្ទ Nokia 6.1 Plus អតិថិជននឹងមានអារម្មណ៍ប្លែក លើរូបរាងដ៏ប្រណិតរបស់វា ជាមួយនឹងអេក្រង់ 5.8 អ៊ីង Full HD+ អាចបង្ហាញរូបភាពកម្រិត ២២៨០x១០៨០ ភិចសែល និងខ្នាតបង្ហាញរូបភាពប្រភេទ 19:9 Aspect Ratio ហើយមានកញ្ចក់ការពារ ២.៥D Corning Gorilla Glass 3 ។
ស្មាតហ្វូននេះ ដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 636 រួមជាមួយ RAM ទំហំ ៤GB និងទំហំផ្ទុកខាងក្នុងទំហំ ៦៤GB ។ ចំពោះសមត្ថភាពថតរូបទូរស័ព្ទនេះ មានកាមេរ៉ាក្រោយ ២ គ្រាប់ទី១ ទំហំ ១៦ មេហ្គាភិចសែល ជាមួយ f/២.0 Aperture និងកាមេរ៉ាទី ២ ទំហំ ៥ មេហ្គាភិចសែល ជាមួយ f/២.៤ Aperture ។ នៅផ្នែកខាងមុខ មានកាមេរ៉ាទំហំ ១៦ មេហ្គាភិចសែល ជាមួយ f / ២.0 aperture សម្រាប់ការថតរូបខ្លួនឯង Selfie និងវីដេអូ។ វាបានដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo ថ្មមានថាមពល ៣០៦០mAh គាំទ្រដោយបច្ចេកវិទ្យា Quick Charge 3.0។ ទូរស័ព្ទ Nokia 6.1 Plus នឹងត្រូវដាក់លក់ក្នុងតម្លៃ ២៦៩ ដុល្លារ ជាមួយនឹងការថែមកាដូរជាច្រើនដូចជាកាបូប Nokia ស្រោមការពារ ស្គ្រីនការពារកញ្ចក់ ស៊ឹមសែលកាត និង Internet 10GB/ខែ សំរាប់រយះពេលមួយឆ្នាំ។
ដោយឡែកសម្រាប់ទូរស័ព្ទ Nokia 2.1 វិញក៏នឹងមានលក់ក្នុងថ្ងៃជាមួយគ្នានេះដែរ ក្នុងតម្លៃ ១១៥ ដុល្លារ ដោយក្រុមហ៊ុនបានពង្រីកបន្ថែមនូវសមត្ថភាពបង្ហាញរូបភាព ថាមពលថ្ម និងការបញ្ចេញសំឡេង។ ទូរស័ព្ទនេះមានអេក្រង់ទំហំ ៥.៥ អ៊ីញប្រភេទ LCD ត្រូវបានការពារដោយកញ្ចក់ ២.៥D នៅពីលើ ជាមួយកម្រិតបង្ហាញរូបភាព HD (៧២០ x ១០៨០ ភិចស៊ែល)។ រន្ធស្ដាប់សំឡេងចេញចូល និងរន្ធបំពងសំឡេង មានសភាពទ្រវែងប៉ុនគ្នានៅផ្នែកខាងមុខទាំង ២ ដែលផ្ដល់ឲ្យការស្ដាប់ចម្រៀងបានឭច្បាស់ និងខ្លាំងល្អ។
ចំពោះសមត្ថភាពដំណើរ Nokia 2.1 ប្រើនូវឈីប Snapdragon 425 មាន CPU Cortex-A53 ប្រសើរជាងមុន មានចំនួន ៨ គ្រាប់ រត់នៅក្នុងល្បឿន ១.៤ GHz និងជីភីយូ Adreno 308 អមជាមួយ RAMទំហំ ១ GB និងអង្គផ្ទុកទិន្នន័យ ៨ GB ក្នុងម៉ាស៊ីន ហើយក៏អាចបន្ថែមមេម៉ូរី ក្រៅបានដល់ ១២៨ GB ផងដែរ។ កាមេរ៉ាក្រោយ ៨ មេហ្គាភិចស៊ែល អាចថតវីដេអូក្នុងកម្រិត ៧២០p និងកាមេរ៉ាមុខ ៥ មេហ្គាភិចស៊ែលផងដែរ។ ចំណុចពិសេសសម្រាប់ Nokia 2.1 គឺថាមពលថ្មតែម្ដង វាថាមពលថ្មរហូតដល់ ៤,០០០ mAh អាចប្រើប្រាស់វាបាន ២ ថ្ងៃយ៉ាងងាយតែម្ដងសម្រាប់ការប្រើទូទៅ។
សម្រាប់ទូរស័ព្ទទាំង ២ ម៉ូឌែល ប្រិយមិត្តទាំងអស់អាចរកជាវបាននៅហាងលក់ទូរស័ព្ទទូទាំងប្រទេសចាប់ពីថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០១៨ នេះតទៅ៕