
បន្ទាប់ពីមានព័ត៌មានស្ដីពីស្មាតហ្វូនបំពាក់កាមេរ៉ា ៣ គ្រាប់របស់ Apple ដែលអាចត្រៀមចេញនៅចុងឆ្នាំនេះ
ពេលនេះមានដំណឹងថ្មីមួយទៀតហើយ តាមរយៈរូបភាពលេចធ្លាយ iPhone ប្រើអេក្រង់ទំហំ ៦,៥ អ៊ីញ ដែលមានកាមេរ៉ា ៣ គ្រាប់នៅផ្នែកខាងក្រោយ។
រូបភាពនេះលេចចេញ ក្រោយពីអ្នកវិភាគ Lu Jialin មកពីក្រុមហ៊ុន Deutsche Securities បាននិយាយថាបង្គំកាមេរ៉ា ៣ គ្រាប់លើ iPhone ជំនាន់ថ្មី នឹងមានបញ្ចូលដោយឡេនធម្មតា ២ និង ឡេន Telehphoto មួយ។ Jialin បាននិយាយថាកាមេរ៉ាបីគ្រាប់នេះ នឹងអាចឲ្យអ្នកប្រើ iPhone ផលិតរូបភាព 3D បាន។ គំនូសបំព្រួញបានបង្ហាញទៀតថា iPhone អេក្រង់ទំហំ ៦,៥ អ៊ីញនេះ មានវិមាត្រ ១៥៧,២ x ៧៧,០៩ ម.ម ដែលមានវិមាត្រតូចជាង iPhone 8 Plus (១៥៨,៤ x ៧៨,១ ម.ម) ដែលមានអេក្រង់ទំហំ ៥,៥ អ៊ីញទៅទៀត។
គំនូសបំព្រួញរបស់ iPhone 9 ដែលប្រើអេក្រង់ LCD ក៏បានបង្ហាញជាមួយគ្នានេះដែរ ដោយបង្ហាញថាមានបំពាក់កាមេរ៉ាត្រឹមមួយគ្រាប់ ដូចគំនូសបំព្រួញដែលលេចធ្លាយកន្លងមកដែរ។ គំនូសបំព្រួញរបស់ iPhone មួយម៉ូដែលដែលគេមិនទាន់បានឃើញនៅឡើយនោះគឺ iPhone ប្រើអេក្រង់ OLED ទំហំ ៥,៨ អ៊ីញ ដែលជាអ្នកស្នងតំណែង iPhone X៕