Honor បញ្ចេញស្មាតហ្វូនសមត្ថភាពកប់ និងមានកាមេរ៉ាបង្កប់ដូច OPPO Find X

នៅចុងឆ្នាំនេះ ពិតជាពិសេសណាស់ ខណៈក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនបានបញ្ចេញទូរស័ព្ទ​មាន​សមត្ថភាព​កប់ៗ និងមានរាងប្លែកៗ ជាអាទិ៍ទូរស័ព្ទ Mate 20, OPPO Find X ហើយថ្មីៗនេះ Honor ដែលជាក្រុមហ៊ុនផលិតផលទូរស័ព្ទច្រោកក្រោមដំបូល Huawei ក៏បានបញ្ចេញ Honor Magic 2 បំពាក់កាមេរ៉ា ៦ គ្រាប់ មានអេក្រង់ពេញផ្ទៃគ្មានសល់គែម ហើយបង្កប់កាមេរ៉ាមុខដូចនឹង OPPO Find X ដែរ។

Honor Magic 2 ចាប់​កំណើត​ហើយ​ជាមួយ​សមត្ថភាព​ខ្ពស់​កប់​ប្រើ​បន្ទះ​ឈីប​ Kirin ជំនាន់​ចុងក្រោយ Kirin 980 ហើយ​ភ្ជាប់​ដោយ RAM ២ទំហំ​អាច​ជ្រើសរើស​បាន​គឺ 6GB ឬ 8GB។ វា​បំពាក់​កាមេរ៉ា​ដល់​ទៅ ៦​គ្រាប់ (៣មុខ និង​៣ក្រោយ) ហើយ​វាអាច​សាកថ្ម​លឿន​ជាមួយ​ឆ្នាំង​សាក 40W។ Magic 2 គ្មាន​ notch ទេ ប៉ុន្តែ​ក្រុមហ៊ុន​នៅ​តែ​អាច​ឌីហ្សាញ​ឲ្យ​គែម​ទូរស័ព្ទ​មាន​កម្រាស់​ស្ដើង​បាន ដោយ​បង្កប់​កាមេរ៉ា​មុខ ៣គ្រាប់​នៅ​កន្លែង​សម្ងាត់ ដោយ​មាន​កុងតាក់​សម្រាប់​រុញ​ឡើង។


​អេក្រង់ Magic 2 ​មាន​ទំហំ ៦,៤អ៊ីញ​បន្ទះ​បង្ហាញ OLED ជាមួយ​កម្រិត Full HD+ ​និង​មាន​សមាមាត្រ 19:9 ratio ​ហើយ​ក្រាល​ដោយ​កញ្ចក់​ 2.5D ទៀត​ផង។ ចំពោះ​អង្គ​ចងចាំ​របស់​វា​ មាន​ពីរ​ជម្រើស​គឺ ១២៨GB និង ២៥៦GB តែ​ Honor បាន​លុប​បំបាត់​រន្ធ​ដោត​ microSD ហើយ។ ប្រព័ន្ធ​កាមេរ៉ា​លើ Magic 2 ​មាន​ទំហំ និង​មុខងារ​ខុសៗ​គ្នា ដោយ​កាមេរ៉ា​គោល​ទំហំ ១៦MP, មួយ​គ្រាប់​ទៀត​ទំហំ ២៤MP Black & White monochrome sensor និង​ចុងក្រោយ​ទំហំ ១៦MP ultra wide-angle។ នេះ​ជា​ការ​ដោះដូរ​មួយ ប្រៀបធៀប​នឹង P20 Pro ដែល​មាន telephoto camera តែ Magic 2 គ្មាន ​ជំនួស​មក​វិញ Magic 2 មាន ultra wide-angle ​តែ P20 Pro គ្មាន ហើយ​គ្មាន​ទាំង monochrome sensor។

ចំណែក​កាមេរ៉ា​មុខ​វិញ មាន​ទំហំ 16MP ​ចំណែក​ពីរ​គ្រាប់​ទៀត​ទំហំ 2MP ដូចគ្នា​ជា depth sensors។ ក្នុង​នោះ​ក៏​មាន​មុខងារ​ស្កេន​មុខ IR face scanner សម្រាប់​ដោះសារ​តាម​ប្រព័ន្ធ 3D Face Unlock ផង​ដែរ ហើយ​ពិសេស​ទៀត​នោះ​វា​បាន​បង្កប់ fingerprint ក្នុង​អេក្រង់​តែម្ដង។

Magic 2 ​បំពាក់​មុខងារ​សាកថ្ម​លឿន 40W ​ដែល​ត្រូវ​បាន​ហៅ​ថា Magic Charge ​ហើយ Honor បាន​អះអាង​ថា អាច​សាកថ្ម​ Magic 2 ឡើង​ដល់ ៥០% ​នៃ​កម្លាំង 3400mAh ​ប្រើ​ពេល​ត្រឹម ១៥នាទី។ ស្មាតហ្វូន​ទំនើប​នេះ ប្រើប្រាស់​រន្ធ USB-C ​សម្រាប់​សាកថ្ម និង​អាច​ប្រើ​ជា​រន្ធ​សំឡេង audio port ហើយ​បាន​ដក​រន្ធ 3.5mm ​ចេញ។ តំណភ្ជាប់​ផ្សេង​ទៀត Magic 2 មាន Bluetooth 5 និង dual-band GPS មាន Yoyo ជា​មុខងារ Virtual Assistant ដែល​ផ្ដល់​ប្រតិបត្តិការ​ឆ្លាតវៃ all-in-one smart-living ​និង mind-reading ហើយ​និង​សមត្ថភាព machine learning capabilities ផង​ដែរ។

https://youtu.be/VnQi_PEOKdc

 

វា​មាន​ជម្រើស​ពណ៌ ខៀវ ក្រហម និង​ខ្មៅ ហើយ​ចែកជា ៣ម៉ូដែល​អាស្រ័យ​លក្ខណៈ​សម្បត្តិ​ខុសៗ​គ្នា​គឺ 6/128GB តម្លៃ ៣៧៩៩យន់ ​ម៉ូដែល 8/128GB តម្លៃ ៤២៩៩យន់ និង​ម៉ូដែល 8/256GB តម្លៃ ៤៧៩៩យន់។ វា​នឹង​មាន​លក់​លើ​ទីផ្សារ​ស្រុកក្រៅចាប់ពី​ថ្ងៃ​៦ ខែ​វិច្ឆិកា ​នេះ​ទៅ​ហើយ៕