ច្បាស់ហើយ! Apple ពិតផ្លាស់ប្ដូររោងចក្រផលិតកាស់ AirPod ពីចិន ទៅវៀតណាមមែន

បរទេស៖ បើ​យោងតាម​ការចុះផ្សាយ​រប​ស់​វើ​ប​សាយ​ព័ត៌មាន Asia Nikkei បាន​ឲ្យ​ថា​ក្រុមហ៊ុន Apple បានធ្វើ​ការផ្លាស់ប្តូរ​ការផលិត​​កាស់ AirPod មកកាន់​ប្រទេស​វៀតណាម​ ហើយបន្ទាប់ពី​កម្ដៅ​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​ចិន និង​អាមេរិក​កាន់តែ​កើនឡើង ស្របពេល​បញ្ហា​ការរីក​រាលដាល​នៃ​ជម្ងឺ​កូ​វីដ១៩ មិនទាន់​ធូរស្បើយ។

សារព័ត៌មាន Asia Nikkei បញ្ជាក់ថា AirPod នឹង​ផលិត​ប្រមាណ​ជាង ៣០% ស្មើនឹង​ចំនួន​សរុប​ពី ៣ លាន​ទៅ ៤ លាន​គ្រឿង ខណៈដែល​ចំនួន​នេះ​មិន​រាប់បញ្ចូល​ចំពោះ AirPods Pro ជំនាន់​ថ្មី​នោះទេ។ ជាមួយគ្នានេះ តាមរយៈរូបភាពខ្នងក្រោយ AirPods Pro បានបញ្ជាក់យ៉ាងច្បាស់នូវពាក្យ «Designed by Apple in California Assembled in Vietnam» មិនមែន China ទៀតទេ។

គួររំឭកផងដែរថា ក្រៅពី Apple ថ្មីៗនេះ ក្រុមហ៊ុន Panasonic ក៏ទើបប្រកាសរើរោងចក្ររបស់ខ្លួននៅថៃ ត្រៀមហៅទៅវៀតណាមផងដែរ ហើយក្រុមហ៊ុនធំៗមួយចំនួនទៀតរបស់អាមេរិកក៏មាន​គម្រោង​ចេញ​ពី​ចិន​ដូចគ្នា៕