Samsung ប្ដូរ Profile ហ្វេសបុកឲ្យសញ្ញាពីស្មាតហ្វូនមានអេក្រង់បត់បាន

កាលពីពេល​កន្លងមក CEO របស់​ក្រុមហ៊ុន Samsung ធ្លាប់បាន​បង្ហើប​ឲ្យ​ដឹងថា​ស្មា​ត​ហ្វូ​ន​ដែលមាន​អេក្រង់​អាច​បត់​បានជា​លើកដំបូង​របស់ខ្លួន​នឹងត្រូវ​បង្ហាញខ្លួន នៅ​ចុងឆ្នាំ 2018 នេះ។ ជាមួយនឹង​ដំណឹង​នេះ កាលពី​ព្រឹក​ថ្ងៃទី 5 ខែវិច្ឆិកា ឆ្នាំ 2018 នេះ Samsung ផ្ដើម​ឲ្យ​សញ្ញា​ពី​ស្មា​ត​ហ្វូ​ន​មាន​អេក្រង់​បត់​បាន តាមរយៈ​ការប្ដូរ​រូប Profile ហ្វេ​ស​បុក​ទៅជា​បែប​កោង​ដូច​អ្វីដែល​ខ្លួន​ធ្លាប់បាន​លើកឡើង។

តាមរយៈ​រូបភាព Profile នោះ ក្រុមហ៊ុន​មិនបាន​បង្ហើប​អ្វី​បន្ថែមទៀត​ទេ ប៉ុន្តែ​ក្នុង​ព្រឹត្តិការណ៍ IFA 2018 កន្លងទៅ លោក DJ Koh ជា​អគ្គនាយក​ប្រតិបត្តិ របស់​ក្រុមហ៊ុន​យក្ស Samsung បាន​ឲ្យ​ដឹងថា “ដល់ពេល​ដើម្បី​បង្ហាញ​ហើយ” នូវ​ម៉ាស៊ីន ដែល​បាន​សន្យា​អស់​រយៈពេល ជាច្រើន​កន្លងមក ដោយ​ស្មា​ត​ហ្វូ​ន​មាន​អេក្រង់​ទន់ អាច​កាច់​បត់បែន​បាន អាច​នឹងត្រូវ​បង្ហាញ​មុខមាត់​ថ្មីស្រឡាង របស់ខ្លួន​នៅក្នុង​ព្រឹត្តិការណ៍ Samsung Developer Conference ធ្វើឡើងនៅ​ចុងឆ្នាំ​នេះ៕