ក្រុមហ៊ុន Google ត្រូវបានគេប្ដឹងម្ដងទៀតទាក់ទងទៅនឹងការរំលោភបំពានទៅលើឯកជនភាពរបស់អ្នកប្រើប្រាស់

បរទេស៖ ថ្មីៗនេះ ក្រុមហ៊ុន​ Google ​ត្រូវបាន​អគ្គ​រដ្ឋអាជ្ញា​នៃ​រដ្ឋ​អា​រី​ហ្សូ​ណា សហរដ្ឋអាមេរិក ​ប្ដឹង​ជុំវិញ​នឹង​ការ​ចោទប្រកាន់ថា​ក្រុមហ៊ុន​នេះ ​បានធ្វើការ​តាមដាន​ទីតាំង​របស់​អ្នកប្រើប្រាស់​តាម​ប្រព័ន្ធ​ប្រតិបត្តិការ​ Android ដោយ​ខុសច្បាប់ ​និង​គ្មាន​ការយល់ព្រម​ ទោះបីជា​ពួកគេ​បាន​បិទ​មុខងារ​តាមដាន​ទីតាំង (Location) នេះ​ដោយ​ខ្លួនឯង​ហើយក៏​ដោយ។ នេះ​បើ​យោងតាម​ការផ្សព្វផ្សាយ​ពី​សារព័ត៌មាន វ៉ាស៊ីនតោន​ផុស កាលពី​ថ្ងៃ​ពុធ​កន្លងទៅនេះ។

ការចោទប្រកាន់​នេះ​ទាក់ទង​ទៅនឹង​ក្រុមហ៊ុន​បន្ត​តាមដាន​ទីតាំង​របស់​អ្នកប្រើប្រាស់ ជាមួយ​កម្មវិធី​អាកាសធាតុ និង​ការស្វែងរក​គេហទំព័រផ្សេងៗនៅលើ​កម្មវិធី Chrome ទោះបីជា​អ្នកប្រើប្រាស់​បាន​បិទមុខ​ងារ​នេះ​នៅក្នុង​កម្មវិធី​និមួយៗនោះ​ក៏ដោយ ហើយ​បែរជា​តម្រូវឱ្យ​អ្នកប្រើប្រាស់​ចូលទៅ​បិទមុខ​ងារ​តាមដាន​ទីតាំង​នៅក្នុង Settings ដែល​ប្រកបដោយ​ភាពស្មុគស្មាញ​ទៅវិញ។ ជាមួយគ្នា ប្រព័ន្ធ Android ត្រូវបានគេមើលឃើញ ថា​ ​ប្រព័ន្ធ​ប្រតិបត្តិការ​នេះ​តែងតែមាន​បញ្ហា​ច្រើន​ជាមួយនឹង ការប្រមូល​ទិន្នន័យ​របស់​អ្នកប្រើប្រាស់​បើ​ប្រៀបធៀប​ទៅនឹង​ប្រព័ន្ធ​ប្រតិបត្តិការ iOS។

គួរ​រំឭក​ផងដែរ​ថា កាលពីពេល​កន្លងទៅ​ក្រុមហ៊ុន​ Google ក៏បាន​ជួបនឹង​បញ្ហា​ស្រដៀង​គ្នា​នឹង​ករណី​ខាងលើ​នេះដែរ ហើយ​ក្រុមហ៊ុន​ក៏បាន​រង​ការផាកពិន័យ​ជាច្រើនលើក​ច្រើនសារ​ផងដែរ ដូចជា​នៅពេលថ្មីៗនេះ សហភាព អឺរ៉ុប​បាន​ផាកពិន័យ​ក្រុមហ៊ុន​ហ្គូ​ស​ហ្គ​ល ចំនួន១.៧ពាន់​លាន​ដុល្លារ ទាក់ទង​ទៅនឹង​ការរំលោភបំពាន​ក្នុងការ​ប្រើប្រាស់​ទិន្នន័យ​ដើម្បី​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម។ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សូម​ក្រើនរំឭក​ដល់​ប្រជាពលរដ្ឋ​អ្នកប្រើប្រាស់​ទូរ​សព្ទ​វៃឆ្លាត​ទាំងអស់ សូម​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​មុខងារ​តាមដាន​ទីតាំង​នេះ បើ​មិនមាន​ការចាំបាច់​ប្រើ​សូមកុំ​បើក​វា​អី ឬ​មុននឹង​ចូល​ប្រើ​កម្មវិធីផ្សេងៗទាក់ទង​ទៅនឹង​អ៊ីនធឺណិត សូម​ចូលទៅ​បិទ​ដោយផ្ទាល់​ផង៕