កុំព្យូទ័រ Samsung Galaxy Book S (2020) ស្ដើង ស្រាល កាន់ថ្មបានយូរ

កុំព្យូទ័រ Samsung Galaxy Book S ស៊េរីឆ្នាំ 2020 បានបង្ហាញខ្លួនជាផ្លូវការដោយក្រុមហ៊ុនតិចណូឡូជីដ៏ធំនៅប្រទេសកូរ៉េខាងត្បូងនៅថ្ងៃសុក្រនេះ។ កុំព្យូទ័រយួរដៃនេះមានពីរពណ៌សម្រាប់ជ្រើសរើស និងមានចេញលក់នៅចក្រភពអង់គ្លេសនៅខែមិថុនាខាងមុខនេះ ហើយនឹងនៅតាមទីផ្សារប្រទេសផ្សេងៗទៀតដោយមិនទាន់បានបញ្ជាក់ពីកាលបរិច្ឆេទច្បាស់លាស់នៅឡើយទេ។

កុំព្យូទ័រយួរដៃថ្មីរបស់ Samsung នេះមានទម្ងន់ស្រាល និងស្ដើង។ Samsung Galaxy Book S មានអេក្រង់ទំហំ 13.3 អ៊ីង Full HD ប្រភេទ Touch Screen។ កុំព្យូទ័រនេះប្រើបន្ទះឈីប Intel’s Lakefield ជាមួយនឹងបច្ចេកវិទ្យា hybrid។ លើសពីនេះ ក៏មានការប្រើ RAM ទំហំ 8GB LPDDR4x និងទំហំផ្ទុកឯកសារអាចមានទំហំដល់ទៅ 512GB eUFS។

ការប្រើសម្រាប់សន្ទនាតាមវីដេអូ គឺអាចមើលឃើញគ្នាតាមរយៈកាមេរ៉ាទំហំ 1 មេហ្គាភិចសែល។ ទន្ទឹមនឹងនេះដែរ កុំព្យូទ័រយួរដៃស្រាលនេះដំណើរការដោយប្រើប្រព័ន្ធប្រតិបត្តិការ Windows 10 ថាមពលថ្ម 42Wh អាចប្រើបានដល់ទៅ 17 ម៉ោងប្រសិនបើបើកមើលវីដេអូ មាន Wi-Fi មានរន្ធដោត USB Type-C ចំនួនពីរ មានរន្ធដោតកាតមេម៉ូរី និងរន្ធដោតកាស 3.5mm audio jack។

ក្រៅពីនេះ Galaxy Book S (2020) ក៏មានមុខងារស្កេនក្រយ៉ៅដៃ ambient light sensor និងក្ដារចុចដ៏ស្រស់ស្អាត។ ចំណែកឯសំឡេងវិញនោះ គឺឮច្បាស់ល្អពីការប្រើបច្ចេកវិទ្យរបស់ Dolby Atmos។ អ្វីដែលពិសេសនោះគឺថា កុំព្យូទ័រនេះមានទម្ងន់ត្រឹមតែ 950 ក្រាមតែប៉ុណ្ណោះ គឺស្រាលជាង 1 គីឡូក្រាមទៅទៀត ហើយចំពោះតម្លៃប្រហែល £999 (ថោន) ឬប្រហែល 1260 ដុល្លារ។

ប្រភព៖ Gadget NDTV