ចាប់ពីពេលនេះតទៅ អ្នកគាំទ្រនឹងលែងបានឃើញទូរស័ព្ទ OnePlus ម៉ូដែល «McLaren Edition» ទៀតហើយ?

បរទេស៖ កាលពីសប្ដាហ៍មុនមានពាក្យចរចាមអារ៉ាមមួយលើកឡើងថា ភាពជាដៃគូរវាងក្រុមហ៊ុនស្មាតហ្វូន OnePlus និងក្រុមហ៊ុនផលិតរថយន្តកំពូលរបស់អង់គ្លេសគឺ McLaren បានឈានដល់ចំណុចបញ្ចប់ហើយ ។ យ៉ាងណាមិញសម្រាប់ព័ត៌មានមិនទាន់ច្បាស់ការមួយនេះ ត្រូវបានមហាជនជាច្រើន ជាពិសេសអ្នកគាំទ្រ រង់ចាំការបកស្រាយពីសំណាក់ភាគីទាំងពីរ ។

ជាការពិតណាស់ ទាក់ទងនឹងព័ត៌មានចរចាមអារ៉ាមខាងលើនេះ ភាគក្រុមហ៊ុន McLaren បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ភាពជាដៃគូរបស់ខ្លួនជាមួយក្រុមហ៊ុន OnePlus បានឈានដល់ពេលវេលាមួយមានកំណត់ មានន័យថា ក្រុមហ៊ុនទាំងពីរនេះ បានបញ្ចប់នូវកិច្ចសហការគ្នាហើយ ហើយក្នុងនោះដែរក្រុមហ៊ុន McLaren ក៏បានជូនពរដល់ក្រុមហហ៊ុន OnePlus ក៏ដូចជាក្រុមការងារទាំងអស់ជួបតែសំណាងល្អ និងសង្ឃឹមថានឹងជួបគ្នានៅថ្ងៃអនាគត់ ។

ភាពជាដៃគូរបស់ក្រុមហ៊ុន OnePlus ជាមួយ McLaren បានផ្ដល់ឲ្យក្រុមហ៊ុនចិនមួយនេះ បញ្ចេញលក់នូវទូរស័ព្ទ OnePlus ម៉ូដែល «McLaren Edition» ជាញឹកញាប់ ដូចជាម៉ូដែល McLaren Edition កាលពីឆ្នាំមុនរបស់ OnePlus 7T Pro និង OnePlus ​6T​ ​McLaren Edition ជាដើម ។

ចុងបញ្ចប់នៃភាពជាដៃគូមានន័យថា សម្រាប់ស្មាតហ្វូន OnePlus 8T ឆ្នាំនេះ នឹងមិនមានម៉ូដែល McLaren Edition ទៀតហើយ ទោះបីជាកាលពីព្រឹត្តិការណ៍ពិព័រណ៍ CES ឆ្នាំនេះ OnePlus បានបង្ហាញ Concept របស់វាយ៉ាងណាក៏ដោយ ៕
ប្រភព៖ theverge