Google ផ្អាកការបង្ហាញ Android 11 ដោយសារបាតុកម្មនៅសហរដ្ឋអាមេរិក

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google បានធ្វើការប្រកាសសារជាថ្មីនៅថ្ងៃសៅរ៍នេះថា ការបង្ហាញសាកល្បងនូវប្រព័ន្ធប្រតិបត្តិការ Android 11 beta នៅសប្ដាហ៍ក្រោយនេះត្រូវបានផ្អាកជាប៉ុណ្ណោះអាសន្នដោយសារតែនៅសហរដ្ឋអាមេរិកមានការផ្ទុះបាតុកម្មដោយឥតស្រាកស្រាន្ដ។

Google បានសរសេរសារនៅលើគេហទំព័ររបស់ developers ថា៖ “ពួកយើងពិតជារំភើបយ៉ាងខ្លាំងក្នុងការប្រកាសបង្ហាញលោកអ្នកពីប្រព័ន្ធប្រតិបត្តិការ Android 11។ ក៏ប៉ុន្តែ ពេលនេះមិនសមជាពេលដែលយើងគួរប្រារព្ធកម្មវិធីបង្ហាញប្រព័ន្ធប្រតិបត្តិការថ្មីនោះទេ”។

ដំបូងឡើយ កម្មវិធីបង្ហាញប្រព័ន្ធប្រតិបត្តិការជំនាន់ថ្មីនេះត្រូវបានគេគ្រោងបង្ហាញនៅថ្ងៃពុធសប្ដាហ៍ក្រោយតាមរយៈការផ្សាយផ្ទាល់លើអ៊ិនធើណែតដោយនឹងមានការបង្ហាញព័ត៌មានលម្អិតមួយចំនួនផងដែរ ហើយប្រព័ន្ធប្រតិបត្តិការជំនាន់ថ្មីនេះនឹងចេញឱ្យប្រើនាពេលឆាប់ៗនេះ គ្រាន់តែមិនច្បាស់ថាថ្ងៃណាឱ្យប្រាកដ។

 

លើករណីដែលមានការធ្វើបាតុកម្មនៅជុំវិញសហរដ្ឋអាមេរិកនេះ គឺកើតឡើងដោយសារតែប៉ូលិសជនជាតិស្បែកសបានប្រើជង្គង់សង្កត់កសម្លាប់លោក George Floyd បុរសជនជាតិស្បែកខ្មៅ។ ការសម្លាប់បុរសម្នាក់នេះធ្វើឱ្យមានការខឹងសម្បារយ៉ាងខ្លាំងពីប្រជាជននៅទូទាំងពិភពលោក ជាពិសេសនៅជុំវិញសហរដ្ឋអាមេរិកតែម្ដង៕

ប្រភព៖ CNA