
បន្ទាប់ពីក្រុមហ៊ុន Samsung ប្រកាសត្រៀមបញ្ចេញស្មាតហ្វូនមានអេក្រង់អាចបត់បាន ពេលនេះបងប្អូនរួមសាច់បង្កើតមកពីកូរ៉េ LG ក៏បានប្រកាសថាខ្លួនក៏មានស្មាតហ្វូនម៉ូដែលត្រៀមចេញក្នុងព្រឹត្តិការណ៍ CES 2019 ដែរ។
តាមរយៈសេចក្ដីរាយការណ៍មួយបានអះអាងថា LG ក៏ដូចជា Samsung ដែល គឺត្រៀមបង្ហាញអាវុធថ្មីរបស់ខ្លួនជាមួយស្មាតហ្វូនបត់បានដូចសៀវភៅនៅដើមឆ្នាំ ២០១៩ ខាងមុខ។ បើផ្អែកតាមការបង្ហោះសារ Twitter ដោយគណនី Evan Blass អះអាងថា LG កំពុងត្រៀមខ្លួនបង្ហាញស្មាតហ្វូនមានការបដិវត្តខ្ពស់ក្នុងពិព័រណ៍បច្ចេកវិទ្យា CES 2019។ យោងលើប៉ាតង់ចុះបញ្ជី និងការទទួលស្គាល់ដោយការិយាល័យប៉ាតង់ និងម៉ាកយីហោអាមេរិកក្នុងឆ្នាំ២០១៧ គេអាចរំពឹងទុកថា ស្មាតហ្វូនជំនាន់ថ្មីឆាប់ៗនឹងអាចពត់បត់ផ្ដេកបាន ទំនងដូចចចាមអារ៉ាម និងរូបគំរូ Foldable Galaxy ក៏ថាបាន។
តាមរយៈដំណឹងចចាមអារ៉ាមឲ្យដឹងថា LG មានគម្រោងផ្គត់ផ្គង់ដល់ Lenovo និង Dell ទៅលើបន្ទះ foldable OLED សម្រាប់ផលិតថេប្លេតបត់បាន (flexible tablet) ថែមទៀត តែនឹងប្រឈមបញ្ហាបច្ចេកទេសជាជាងផលិតបន្ទះអេក្រង់តូចសម្រាប់ស្មាតហ្វូន៕