ម្សិលមិញ DDoS ធ្វើការវាយប្រហាប្រព័ន្ធអ៊ីនធើណែតកម្ពុជា ធ្វើឲ្យគាំងពេញមួយថ្ងៃ

រាជធានី​ភ្នំពេញ៖ ម្សិលមិញ​នេះ ពពួក​មេរោគ​អ៊ី​ន​ធើ​ណែ​ត​ដែល​គេ​ហៅថា DDoS បានធ្វើការ​វាយប្រហារ​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​កម្ពុជា ធ្វើ​ឲ្យ​ការចែក​ចាយ​អ៊ី​ន​ធើ​ណេ​ត ទៅដល់​អ្នកប្រើប្រាស់​មាន​ល្បឿន​យឺត ខុសពី​ធម្មតា។

ក្រុមហ៊ុន​អ៊ី​ន​ធើ​ណែ​ត​ដែល​រង់​ការវាយប្រហារ​រួមមាន​ក្រុមហ៊ុន EZECOM , ក្រុមហ៊ុន SI Net, ក្រុមហ៊ុន Digi ក្រុមហ៊ុន​អ៊ី​ន​ធើ​ណែ​ត​មួយចំនួន។ ជាមួយគ្នានេះ ក្រុមហ៊ុន EZECOM បានចេញ​សេចក្តីជូនដំណឹង​មួយ ដោយ​បញ្ជាក់ថា រយៈពេល ២ថ្ងៃ​កន្លងមក គឺ​ថ្ងៃទី០៤ និង ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រុមហ៊ុន​របស់ខ្លួន បាន​រង​ការវាយប្រហារ DDoS កម្រិត​ធំ ២ ដង ហើយ​ជាការ​វាយប្រហារ​ដ៏​ធំជាងគេ​បំផុត​មួយ ក្នុង​ប្រវត្តិសាស្ត្រ​អ៊ី​ន​ធើ​ណែ​ត​នៅ​កម្ពុជា ដែល​សូម្បី​ប្រព័ន្ធ​ការពារ DDos កម្រិត​ខ្ពស់​ក៏​ពិបាក​នឹង​ទប់ទល់។ ​ការវាយប្រហារ​នេះ ទើប​ប៉ុន្មាន​ថ្ងៃនេះ អតិថិជន​មួយចំនួន​រង​ការប៉ះពាល់ ដោយ​អ៊ី​ន​ធើ​ណែ​ត​មាន​ល្បឿន​យឺត និង​ជួបប្រទះ​ការរអាក់រអួល​ផ្សេងទៀត។

ក្រុមហ៊ុន​ដដែល​នេះ​បញ្ជាក់ថា ក្រុមការងារ​បច្ចេកទេស​ទាំង​ក្នុង​ស្រុង និង​ដៃគូ​ក្រៅប្រទេស បាននិងកំពុង​ធ្វើការ​យ៉ាង​អស់ពី​សមត្ថភាព ដើម្បី​ដោះស្រាយ​ស្ថានភាព​នេះ ហើយ​បញ្ហា​នេះ​នឹងត្រូវ​ដោះស្រាយ​រួចរាល់​ក្នុងពេល​មួយ ឬ​ពីរ​ថ្ងៃ​ធ្វើការ ប្រសិនបើ​មិនមាន​រលក​នៃ​ការវាយប្រហារ​បន្ថែមទៀត។

ជុំវិញ​បញ្ហា​នេះ លោក ខូវ មករា អ្នកនាំពាក្យ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា បានឲ្យដឹងដែរថា ក្រសួង​បានទទួល​ព័ត៌មាន ស្តីពី​ការវាយប្រហារ DDoS នេះ​កាលពី​ចុង​សប្តាហ៍​មិន និង​បាន​ចាត់​ឲ្យ​មន្ត្រី នៃ​នាយកដ្ឋាន​សន្តិសុខ​ព័ត៌មាន របស់​ក្រសួង​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ី​ន​ធើ​ណែ​ត ដែល​ជួប​បញ្ហា​នេះ។ ដោយ​ក្រុមហ៊ុន​មួយចំនួន​បាន​ដោះស្រាយ ការវាយប្រហារ DDoS នេះ​រួចរាល់​ហើយ​ដែរ។

លោក​បញ្ជាក់ថា ការវាយប្រហារ DDos នេះ​មិនមែន​ទើបតែ​កើន​នៅ​កម្ពុជា​លើក​ទី១ នោះទេ គឺ​កើតឡើង​ញឹកញយ​ផងដែរ។ សម្រាប់​បរទេស​វិញ​គឺ កើតឡើង​ស្ទើរ​រាល់ថ្ងៃ។ លោក​បាន​ពន្យល់ថា ការវាយប្រហារ DDos នេះ គឺជា​ការវាយប្រហារ ដោយ​ធ្វើ​ឲ្យ​ល្បឿន​អ៊ី​ន​ធើ​ណែត ផ្តល់​ឲ្យ​ដល់​អ្នកប្រើប្រាស់​មាន​ល្បឿន​យឺត​ប៉ុណ្ណោះ មិនមែនជា​ការវាយប្រហា​រ​លួច​យក​ទិន្នន័យ​អ្វី​ឡើយ៕