
ភ្នំពេញ៖ បន្ទាប់ពីប្រកាសចេញនៅទីផ្សារបរទេសកាលពីខែមេសា ថ្មីៗនេះមានដំណឹងថា ស្មាតហ្វូនថ្នាក់កណ្ដាល Nokia 5.3 នឹងត្រៀមប្រកាសចេញលក់ក្នុងទីផ្សារកម្ពុជា ក្នុងពេលឆាប់ៗនេះ។
សម្រាប់ Nokia 5.3 ជាទូរស័ព្ទឆ្លាតលំដាប់ថវិកា ដែលអាចដាក់ស៊ីមចំនួន 2 ក្នុងពេលតែមួយបាន និងដំណើរការលើប្រព័ន្ធប្រតិបត្តិការ Android 10 ចេញពីប្រអប់ស្រាប់តែម្ដង ដោយវាមានអេក្រង់ទំហំធំ 6.55 អ៊ីញ អាចបង្ហាញរូបភាពបានកម្រិត HD+ (Dual-Gate Display) 720x1600p នៅលើកម្រិត Aspect Ratio 20:9 ជាមួយកញ្ចក់ការពារ 2.5D Glass និងប្រើប្រាស់ការឌីហ្សាញបែបថ្ងាសឆកដំណក់ទឹកធ្លាក់ សម្រាប់កាមេរ៉ាខាងមុខរបស់វា។
ចំពោះកម្លាំងម៉ាស៊ីនរបស់ Nokia 5.3 គឺវាប្រើប្រាស់បន្ទះឈីប Snapdragon 665 Octa-Core ជាមួយជម្រើសរ៉េមទំហំ 4GB អង្គផ្ទុកទិន្នន័យទំហំ 64GB ព្រមទាំងអាចបន្ថែម microSD Card ពីក្រៅបានរហូតដល់ទំហំ 512GB ឯណោះ។ ក្រៅពីនេះយើងឃើញមាន បច្ចេកវិទ្យាស្កេនម្រាមដៃនៅខាងក្រោយ និងមានបំពាក់ថាមពលថ្មទំហំ 4000mAh ផងដែរ។
បើមើលទៅលើផ្នែកកាមេរ៉ារបស់វា គឺនៅសន្ទះខាងក្រោយ វាមានកាមេរ៉ាសរុបចំនួន 4 គ្រាប់ មានរូបរាងជារង្វង់ និងភ្លើង Flash នៅចំកណ្ដាលតែម្ដង។ កាមេរ៉ាទាំងអស់នោះរួមមានដូចជា កាមេរ៉ាដើមទំហំ 13MP f/1.8 + លេនកាមេរ៉ាពង្រីក Ultra-Wide 118 ដឺក្រេ ទំហំ 5MP + លេនថតជិត Macro និងសេនស័រ Depth ទំហំ 2MP ទុកសម្រាប់ជំនួយលើការថត Portrait ជាពិសេស។ ចំណែកឯខាងមុខរបស់វា គឺមានកាមេរ៉ា Selfie ទំហំ 8MP f/2.0 ចំនួនមួយគ្រាប់ ស្ថិតនៅក្នុងថ្ងាសឆកដំណក់ទឹក។ កម្មវិធីកាមេរ៉ាភ្ជាប់មកជាមួយ Nokia 5.3 បានផ្ដល់ជូននូវមុខងារ Night Mode, Portrait Mode និងប្លង់ថតបែប AI Scene Detection ជាដើម។ ចំពោះថ្ងៃចេញលក់ច្បាស់លាស់ និងតម្លៃយើងនៅមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែក៏មិនយូរទៀតដែរ អាចនៅពាក់កណ្ដាលខែកក្កដានេះហើយ៕