ប្រព័ន្ធទូរស័ព្ទចល័ត qb ត្រូវបានរាជរដ្ឋាភិបាលលុបចោលអាជ្ញាបណ្ណ ក្រោយអសកម្មភាពច្រើនឆ្នាំ

(ភ្នំពេញ)៖ បន្ទាប់ពីអសកម្មភាពជាច្រើនឆ្នាំ ពេលនេះក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទចល័ត​ qb ត្រូវបានរាជរដ្ឋាភិបាល​លុបចោល​អាជ្ញា​បណ្ណ​ហើយ ដើម្បី​ស្វែងរក​អ្នកវិនិយោគ​ថ្មី ដោយ​ប្រើប្រាស់​យន្តការ​ដាក់​ដេញថ្លៃ តាម​ការសម្រេច​របស់​រាជរដ្ឋាភិបាល។

ការលុបចោល​អាជ្ញា​បណ្ណ​ក្រុមហ៊ុន​នេះ ធ្វើឡើង​តាម​ការសម្រេច​របស់​ក្រសួង​ប្រៃ​ណី​យ៍ និង​ទូរគមនាគមន៍ ដោយ​មើលឃើញ​ការមិន​ដំណើរការ​ទៅមុខ​របស់​ក្រុមហ៊ុន​នេះ ដែល​អតិថិជន​ចេះតែ​ខើចទៅ។ និយតករ​ទូរគមនាគមន៍​កម្ពុជា បានចេញ​សេចក្តីសម្រេច​លុប​អាជ្ញា​បណ្ណ​ប្រតិបត្តិការ ផ្តល់​សេវា​ទូរ​សព្ទ​ចល័ត 3G, ដកហូត​ហ្វ្រេ​កង់​ស៍​វិទ្យុ និង​ការដកហូត​លេខ​ទូរគមនាគមន៍ ដែល​ផ្តល់ជូន​ក្រុមហ៊ុន CADCOMMS (qb) សម្រាប់​ប្រតិបត្តិការ សេវា​ទូរ​សព្ទ​ចល័ត​នៅ​កម្ពុជា ក្រោយក្រុមហ៊ុនបើកដំណើរការកាលពី​ឆ្នាំ ២០០៦ ដែល​មកដល់ពេលនេះ ដំណើរការបាន​រយៈពេល១៤ឆ្នាំ។

ជាមួយគ្នានេះ​និយតករ​ទូរគមនាគមន៍​ក​ម្ពុ​ជា តម្រូវ​ឲ្យ​ក្រុមហ៊ុន CADCOMMS ត្រូវ​ទទួលខុសត្រូវ​ទូទាត់​បំណុល ដែល​ជំពាក់​ក្រសួង​ប្រៃ​ណី​យ៍ និង​ទូរគមនាគមន៍ និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា បំណុល​រដ្ឋ-ឯកជន កាតព្វកិច្ច​ពន្ធអាករ និង​ការលើកទឹកចិត្ត​ផ្សេងទៀត និង​ត្រូវ មាន​កាតព្វកិច្ច​ទទួល​ខុសត្រូវ​ចំពោះ​បុគ្គលិក អតិថិជន និង​ភាគី​ទី​បី ស្របតាម​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន ក្នុងករណី​មានការ​តវ៉ា​កើតឡើង​ជាយ​ថា ហេតុ​ពាក់ព័ន្ធ​នឹង​ការ​លុប​អាជ្ញា​បណ្ណ​នេះ៕