Apple នឹងបំពាក់បច្ចេកវិទ្យាថ្មីសន្លាងមួយនៅលើរថយន្ត BMW 5 Series ឆ្នាំ ២០២១

បរទេស៖ នៅក្នុងព្រឹត្តិការណ៍ WWDC លើកនេះ ក្រុមហ៊ុន Apple បានលើកឡើងអំពីចំណុចមួយ ដែលបង្ហាញពីគោលការរបស់ខ្លួន ក្នុងការអភិវឌ្ឍន៍ទូរស័ព្ទដៃ ឲ្យក្លាយទៅជាឧបករណ៍ដែលអាចប្រើប្រាស់ក្នុងការបញ្ជាររថយន្តដូចជា បិទបើកសោរ និងបញ្ឆេះជាដើម ។

យោងតាមក្រុមហ៊ុនផ្លែប៉ោមឆែបមួយនេះបានឲ្យដឹងថា ជាច្រើនឆ្នាំមកនេះ ក្រុមហ៊ុនមានមហិច្ឆតារចង់ផលិតយន្តផ្ទាល់ខ្លួន តែរហូតមកទល់ពេលនេះ មិនទាន់បានសម្រេចនៅឡើយទេ ខណៈដែលប្រព័ន្ធ CarPlay របស់ខ្លួន កំពុងដំណើរការបាន ៩៧ភាគរយទៅហើយ ។
លោក Craig Federighi អនុប្រធានជាន់ខ្ពស់ផ្នែកវិស្វកម្ម software បានឲ្យដឹងថា ថ្ងៃអនាគតចង់ឲ្យមានសោររថយន្តដែលបំពាក់អេក្រង់ ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការឆ្លាតវៃ ដូច្នេះ Apple នឹងដាក់បង្ហាញមុខងារនេះនៅក្នុងរថយន្ត BMW 5 Series ឆ្នាំ ២០២១ ហើយនឹងពង្រីកទៅដល់រថយន្តផ្សេងៗទៀត ។​

ជាមួយគ្នានេះ លោក Emily Schubert អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកវិស្វកម្មបទពិសោធរថយន្តរបស់ក្រុមហ៊ុន Apple បានបង្ហាញពីរបៀបដែលអ្នកបើកបរអាចបើកទ្វាររថយន្តបានគ្រាន់តែមានទូរស័ព្ទ Iphone កាន់ក្នុងដៃ បន្ទាប់មកគ្រាន់តែដាក់ទូរស័ព្ទ Iphone នៅលើបន្ទះសាកថ្មដែលនឹងមានបំពាក់លើរថយន្ត នោះយើងអាចចុចប៊ូតុង Start ដើម្បីបញ្ឆេះបានហើយ ។ ក្រុមហ៊ុន Apple ពឹងផ្អែកលើមុខងារមួយឈ្មោះថា Near Field Communication ដែលអនុញ្ញាតឱ្យរថយន្ត និងទូរស័ព្ទអាចទំនាក់ទំនងគ្នាបានពីពីរទៅបីសង់ទីម៉ែត្រពីគ្នា ដោយឥតខ្សែ ហើយក្រុមហ៊ុននឹងអភិវឌ្ឍបច្ចេកវិទ្យាដោះសោររថយន្តពីចម្ងាយបានតាមរយៈរលកពន្លឺថែមទៀត ។

សូមបញ្ជាក់ថា កាលពីខែឧសភា កន្លងទៅនេះ សម្ព័នឧស្សាហកម្ម Car Connectivity Consortium ដែលមានសមាជិកក្រុមហ៊ុនធំៗដូចជា Apple, BMW, GM, Honda, Hyundai, Samsung និង Volkswagen បានប្រកាសអំពីគម្រោង «ការរក្សាទុកកូនសោរឌីជីថលប្រកបដោយសុវត្ថិភាព» មានន័យថា អនាគត នឹងត្រូវប្រើសោររថយន្តឌីជីថល ជំនួសឲ្យសោរបច្ចុប្បន្ន ហើយសោរឌីជីថលនេះផងដែរ ក៏មានសុវត្ថិភាពខ្ពស់ ផ្ដល់ទំនុកចិត្តខ្លាំងដល់ម្ចាស់រថយន្ត ៕
ប្រភព៖ cnn