
ភ្នំពេញ៖ បើតាមការចុះផ្សាយរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កាលរសៀលថ្ងៃទី 26 ខែមិថុនា ឆ្នាំ 2020 បានប្រកាសឲ្យប្រើប្រាស់កម្មវិធី TikTok ត្រូវបានការប្រុងប្រយ័ត្នឲ្យខ្ពស់ ខណៈថ្មីកម្មវិធីនេះត្រូវបានគេរកឃើញថាបានលួចយកព័ត៌មានផ្ទាល់អ្នកប្រើប្រាស់ដោយមិនដឹងខ្លួន បើទោះបីយើងមិនបានបើក ឬចុចប្រើវាក្ដី។

ការជូនដំណឹងនេះ ធ្វើឡើងក្រោយពេល Apple ប្រកាសដាក់ចេញប្រព័ន្ធប្រតិបត្តិការ iOS 14 ជំនាន់ Beta ក៏បានរកឃើញថា មានក្រុមហ៊ុនមួយចំនួនបានទាញយកទិន្នន័យឯកជនភាពពី Clipboards របស់អ្នកប្រើប្រាស់ដោយគ្មានការអនុញ្ញាតពីពួកគេ។ ការរកឃើញនេះក៏ដោយសារការបន្ថែមមុខងារសុវត្ថិភាពថ្មីរបស់ iOS 14 សម្រាប់តាមដានកម្មវិធីណាដែលទាញយកទិន្នន័យពី Clipboards ហើយធ្វើការជូនដំណឹងរាល់ពេលដែលវាកើតឡើងដល់អ្នកប្រើប្រាស់ដើម្បីឱ្យមានការប្រុងប្រយ័ត្ន។ ក្នុងចំណោមក្រុមហ៊ុនទាំងនោះ Tik Tok បានទាញយកទិន្នន័យយ៉ាងសម្បើមពីអ្នកប្រើប្រាស់របស់ខ្លួន បើប្រៀបធៀបទៅនឹងក្រុមហ៊ុនដទៃទៀត ដែលមានហ្គ៊េម និងកម្មវិធីដ៏ពេញនិយមមួយចំនួន ដូចជា Bejeweled, Fruit Ninja, Plants vs Zombies Heroes និង Viber ជាដើម។
កាលពីពេលថ្មីៗនេះលោក Jeremy Burge ជាប្រធានផ្នែក នៅឯ Emojipedia បានបង្ហាញថាកម្មវិធី TikTok បានទាញយកទិន្នន័យពី Clipboards រាល់ពេលដែលលោកអ្នកបានថតចម្លង (copy) អ្វីមួយ សូម្បីតែពេលអ្នកកំពុងប្រើកម្មវិធីផ្សេងទៀតដូចជា Instagram ក៏ដោយ។ ក្រុមហ៊ុន TikTok បានធ្វើការកែសម្រួលបញ្ហានេះជាមួយប្រព័ន្ធប្រតិបត្តិការ iOS ក៏ប៉ុន្តែគេនៅមិនទាន់ដឹងថាតើក្រុមហ៊ុននេះនឹងមានការកែសម្រួលសម្រាប់ប្រព័ន្ធប្រតិបត្តិការ Android នៅឡើយទេ ព្រោះថាប្រព័ន្ធប្រតិបត្តិការ Android មិនមានការតាមដានពីបញ្ហានេះដូចប្រព័ន្ធប្រតិបត្តិការ iOS ទេ។
សូមបញ្ជាក់ផងដែរថា Clipboards គឺជាកន្លែងដែលកុំព្យូទ័ររក្សាទុកទិន្នន័យជាបណ្ដោះអាសន្ន មុនពេលត្រូវបានយកទៅចម្លងឱ្យទីតាំងផ្សេងៗទៀត៕