
បរទេស៖ ការបង្ហោះ ឬចែកចាយ ព័ត៌មានក្លែងក្លាយគឺជាបញ្ហាដ៏ធំមួយដែលប្រទេសជាច្រើនកំពុងប្រឈម ដូចជាការផ្សព្វផ្សាយដែលថាជំងឺកូវីត-19 កើតឡើងដោយសារប្រព័ន្ធ 5G នោះបានបង្កឲ្យមានភាពចលាចលដល់សង្គមដែលនាំឱ្យមានការវាយកម្ទេចអង់តែនជាច្រើនកន្លែងនៅអឺរ៉ុប។
យ៉ាងណាម៉ិញ ការផ្សព្វផ្សាយព័ត៌ មាន ចាស់ៗ ក៏អាចនាំឱ្យមានភាពច្របូកច្របល់ដល់សង្គមផងដែរ ព្រោះខ្លឹមសារដែលមាននៅក្នុងអត្ថបទ ចាស់ៗ ទាំងនោះ វាអាចមិនពិតសម្រាប់ស្ថានភាពបច្ចុប្បន្ន។
ដោយឃើញពីគុណវិបត្តិនេះហើយ បានជាក្រុមហ៊ុនហ្វេសប៊ុកទើបនឹងចាប់ផ្ដើមដាក់ឱ្យប្រើប្រាស់មុខងារគ្រឿងរំឭកមួយ ដើម្បីឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកបានដឹងថា ព័ត៌មានដែលពួកគេចង់ចែកចាយនោះគឺជាព័ត៌មានចាស់។ មុខងារនេះនឹងបង្ហាញជាសារដល់អ្នកប្រើប្រាស់ ប្រសិនបើព័ត៌មាននោះចាស់ជាង 3 ខែ ទោះយ៉ាងនេះក្តីលោកអ្នកត្រូវតែមានការប្រុងប្រយ័ត្នផងដែរ ព្រោះមុខងារនេះគ្រាន់តែអាចប្រាប់លោកអ្នកនូវរយៈពេល៣ខែ ពីថ្ងៃដែលព័ត៌មានត្រូវបានចែកចាយ គឺវាមិនមែនជារយៈពេលដែលព័ត៌មាននោះត្រូវបានផ្សព្វផ្សាយកាលពីដំបូងទេ។
ដោយឡែកក្រុមហ៊ុនបណ្តាញសង្គម Twitter ក៏មិនខុសពីហ្វេសប៊ុកដែរ គឺបានខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការចែកចាយព័ត៌មានក្លែងក្លាយផងដែរ ដូចជាកាលពីពេលថ្មីៗនេះក្រុមហ៊ុនបានធ្វើការសាកល្បងជាមួយមុខងារថ្មីមួយដែលបញ្ជាក់ អ្នកប្រើប្រាស់ឱ្យអានអត្ថបទមុននឹងពួកគេចែកចាយបន្ត៕