
បរទេស៖ កាលពីថ្ងៃទី ២៥ ម្សិលមិញនេះក្រុមហ៊ុន Ford បានបង្ហាញរថយន្តស៊េរី F-150 ឆ្នាំ ២០២១ បង្កឲ្យមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកប្រើប្រាស់ទូទាំងពិភពលោក ដោយសាររថយន្តប្រភេទ pickup truck ដ៏ល្បីល្បាញនេះ បានមកនូវជាមួយលក្ខណៈសម្បត្តិថ្មីៗជាច្រើន ។ សូមបញ្ជាក់ថា រថយន្តស៊េរី F-150 ឆ្នាំ ២០២១ មានរហូតដល់ ៦ម៉ូដែល ក្នុងនោះមានម៉ូដែល XL, XLT, Lariat, King Ranch, Platinum និង Limited ។
អ្វីដែលចាប់អារម្មណ៍ខ្លាំងនោះគឺ Ford បានលើកឡើងថា រថយន្តស៊េរី F-150 ឆ្នាំ ២០២១ របស់ខ្លួន បានបំពាក់មកជាមួយបច្ចេកវិទ្យា ទំនើបចុងក្រោយបង្អស់ ដូចជាមុខងារបើកបរដោយស្វ័យប្រវត្តមិនបាច់ប្រើដៃ និងទទួលបានបច្ចុប្បន្នភាពទៅលើ Apple CarPlay និង Android Auto ជាដើម ។
លក្ខណៈពិសេសនៃការបើកបរដោយមិនប្រើដៃដែលក្រុមហ៊ុន Ford ហៅថា “Active Drive Assist” គឺដូចគ្នាទៅនឹងរថយន្ត Mustang Mach-E អេឡិចត្រូនិច ដែលជាប្រភេទរថយន្ត SUV នឹងចេញនៅឆ្នាំក្រោយដែរ ។ ដូច្នេះរថយន្តស៊េរី F-150 បានក្លាយជារថយន្ត pickup truck តែមួយគត់នៅសហរដ្ឋអាមេរិក ដែលមានសមត្ថភាពបើកបរដោយមិនប្រើដៃ ខណៈដែលរថយន្ត ដែលប្រើមុខងារ Active Drive Assist នេះ មានតែប្រភេទរថយន្ត Super Cruise-equipped និង SUV មួយចំនួនរបស់ក្រុមហ៊ុន Cadillac និង GM ប៉ុណ្ណោះ ។
យ៉ាងណាមិញមុខងារ Active Drive Assist អាចប្រើបានតែលើផ្លូវហាយវ៉េប៉ុណ្ណោះ ដែលផែនទីត្រូវបានកំណត់ដោយ Ford ។ ហើយអតិថិជនត្រូវតែចំណាយលុយបន្ថែមទៅលើឧបករណ៍មួយចំនួនទៀត ដើម្បីប្រើប្រាស់មុខងារនេះបាន ដូចជាប្រព័ន្ធត្រួតពិនិត្យកម្មវិធីបញ្ជាលើកាមេរ៉ាជាដើម ។ មិនតែប៉ុណ្ណោះក៏ត្រូវចំណាយលុយទិញកម្មវិធី Active Drive Assist នេះផងដែរ ។
ជាមួយគ្នានេះ ក្រុមហ៊ុន Ford បានបញ្ជាក់ថា ទោះបីជាអតិថិជនមិនចំណាយលុយប្រើប្រាស់មុខងារ Active Drive Assist ក៏ដោយ ក៏ F-150 ឆ្នាំ ២០២១ នៅតែផ្តល់ជូននូវលក្ខណៈពិសេសផ្សេងទៀតដែលជាប្រព័ន្ធជំនួយដល់អ្នកបើកបរនោះគឺបច្ចេកវិទ្យា Co-Pilot360 ។ ឧទាហរណ៍នៅពេលដែលមានមនុស្ស សត្វ រត់កាត់ មុខ វានឹងបញ្ឈប់ដោយស្វ័យប្រវត្តិ ។
សូមបញ្ជាក់ថា សម្រាប់តម្លៃនៃរថយន្តស៊េរី F-150 ឆ្នាំ ២០២១ ទាំង ៦ម៉ូដែលនេះមានតម្លៃដូចជា ៖ ម៉ូដែល XL: $30,000, XLT: $35,000, Lariat: $45,000, King Ranch: $55,000, Platinum: $60,000 និង ម៉ូដែល Limited: $70,000 ៕