ញាក់សាច់! កាសឥតខ្សែ TONE ជំនាន់ថ្មីរបស់ LG មានបំពាក់កាំរស្មីសម្លាប់បាតេរីទៀត

បរទេស៖ យោងតាមគេហទំព័រព័ត៌មានបច្ចេកវិទ្យា gsmarena បានឲ្យដឹងកាលពីថ្ងៃទី ២៦ ម្សិលមិញនេះថា កាសឥតខ្សែ TONE ជំនាន់ថ្មីរបស់ LG នឹងមានវត្តមាននៅលើទីផ្សារអាមេរិក និងអឺរ៉ុបនៅខែកក្កដា ខាងមុខនេះហើយ ។

ប្រភពបានឲ្យដឹងថា កាស TONE ជំនាន់ថ្មីដែលជាប្រភេទកាស TWS ​(True Wireless Stereo) នឹងចេញមកមាន ចំនួនពីរម៉ូដែលគឺ HBS-FN4 និង HBS-FN6 ហើយអ្វីដែលពិសេសនោះគឺវា បានបំពាក់មកជាមួយកាំរស្មី UVnano ដើម្បីសម្លាប់បាតេរី ឧទាហរណ៍​ នៅពេលដែលយើងដាក់កាសក្នុងប្រអប់ដើម្បីសាកថ្ម កាំរស្មី UVnano នឹងដំណើរការស្វ័យប្រវត្តិដើម្បីសម្លាប់បាតេរី មុនពេលយើងយកវាមកញាត់ក្នុងត្រចៀក ។ ក្រុមហ៊ុន LG អះអាងថាវាសម្លាប់បានរហូតដល់ ៩៩,៩% ទៅលើពពួកបាតេរី E. coli និង S. aureus 2 ។

កាស TONE ជំនាន់ថ្មីទាំងពីរម៉ូដែលនេះផងដែរ ក៏បានបំពាក់បច្ចេកវិទ្យាសំឡេង Meridian Audio ដែល LG អះអាងថា នឹងធ្វើឲ្យបទពិសោធន៍ស្ដាប់ចម្រៀង ឬទស្សនាភាពយន្ត របស់អ្នកកាន់តែរំភើប ជាមួយការបញ្ចេញសំឡេងពិតៗ និងកាន់តែពីរោះ ។ ហើយវាក៏មានមុខងារ EQ presets សម្រាប់ជ្រើសសំឡេងបាន ៤ប្រភេទ គឺ Natural, Immersive, Bass Boost, និង Treble Boost ។ មិនតែប៉ុណ្ណោះក៏មានមុខងារ Ambient Sound Mode ដែលធ្វើឲ្យអ្នកប្រើប្រាស់កាន់តែរំភើបជាមួយការស្ដាប់សំឡេង surround Sound បានយ៉ាងល្អ ។

និយាយការបញ្ចូលភ្លើងវិញ LG បានលើកឡើងថា វាអាចប្រើប្រាស់ជាប់បានរហូតដល់ ៦ម៉ោង ជាមួយនឹងបច្ចេកវិទ្យាបញ្ចូលថ្មលឿនដែលបំពាក់នៅលើប្រអប់ផ្ទុកថាមពលភ្លើងរបស់វា (charging case) ។ ទាក់ទងជាមួយគ្នានេះដែរ LG ថែមទាំងបានអះអាងទៀតថា គ្រាន់តែសាក ៥នាទី ជាមួយប្រអប់ផ្ទុកភ្លើងរបស់វា យើងអាចប្រើបានរហូតដល់ ១ម៉ោងឯណោះ ។

សូមបញ្ជាក់ថា កាស TONE ជំនាន់ថ្មីទាំងពីរម៉ូដែលខាងលើនេះ នឹងមានជំម្រើសពីរពណ៌គឺ “Stylish Black” និង “Modern White” ៕

ប្រភព៖ gsmarena