ប្រភពមួយបង្ហើបថា Samsung Galaxy Note20 Ultra មានកាមេរ៉ាដល់ទៅ 108MP

តាមរយៈប្រភពបង្ហើបព័ត៌មានដ៏ល្បី Roland Quandt បានឱ្យដឹងថា ទូរស័ព្ទអាថ៌កំបាំងដែលមិនទាន់បង្ហាញខ្លួនជាផ្លូវការ Samsung Galaxy Note20 Ultra អាចនឹងបង្ហាញខ្លួននៅថ្ងៃទី 5 ខែសីហា ខាងមុខនេះ ជាមួយនឹងកាមេរ៉ាចម្បងទំហំដល់ទៅ 108 មេហ្គាភិចសែល។

នេះមិនមែនជាលើកទីមួយដែលព័ត៌មានបង្ហើបពីទូរស័ព្ទទំនើបម៉ូដែលនេះត្រូវបានបង្ហាញដោយប្រាប់ថាទូរស័ព្ទនេះមានកាមេរ៉ាចម្បងដល់ទៅ 108 មេហ្គាភិចសែល ប៉ុន្តែ លើកនេះ Quandt បាននិយាយថា “ឃើញភស្ដុតាងជាក់ស្ដែង” ពីវត្តមាននៃកាមេរ៉ាទំហំ 108 មេហ្គាភិចសែលរបស់ទូរស័ព្ទនេះ ដែលធ្វើឱ្យគាត់គិតយ៉ាងច្បាស់ថា Note20 Ultra នោះនឹងមានកាមេរ៉ាទំហំ 108 មេហ្គាភិចសែលយ៉ាងប្រាកដ។

ទន្ទឹមនឹងការបង្ហាញវត្តមានរបស់ Note20 Ultra នោះ គេក៏បានរំពឹងផងដែរថា ក្រុមហ៊ុន Samsung នឹងបង្ហាញនូវទូរស័ព្ទម៉ូដែល Note20 នៅក្នុងសប្ដាហ៍ទី 1 ខែសីហា ប៉ុន្តែ គេមិនច្បាស់នៅឡើយទេថានឹងមានទូរស័ព្ទម៉ូដែល Plus នោះឬយ៉ាងណា។

សង្ឃឹមថា នឹងមានព័ត៌មានបន្ថែមដែលបញ្ជាក់ពីចំនួនម៉ូដែលទូរស័ព្ទរបស់ស៊េរី Note20 ណាខ្លះដែលនឹងចេញមុខនៅលើទីផ្សារ៕

ប្រភព៖ GSMArena