ទូរស័ព្ទសែស្រឡាយ Iphone 12 នឹងមិនមានដុំសាកភ្លើង និងកាសទេ អាចមកពីមូលហេតុមួយនេះ

បរទេស៖ ​កាលពីពេលថ្មីៗនេះ លោក Ming-Chi Kuo អ្នកវិភាគបច្ចេកវិទ្យាបានព្យាករណ៍ថា ទូរស័ព្ទជំនាន់ថ្មីរបស់ Apple ដែលស្ថិតនៅក្នុងសែស្រឡាយ iPhone 12 ប្រហែលនឹងមិនមានភ្ជាប់កាស និងដុំសាកភ្លើង មកក្នុងប្រអប់ជាមួយឡើយ ។ លោកបន្តថា នៅក្នុងប្រអប់ទូរស័ព្ទសែស្រឡាយ Iphone 12 គឺមានតែទូរស័ព្ទមួយគ្រឿង និងខ្សែសាកប្រភេទ USB-C ទៅ Lightning ប៉ុណ្ណោះ ដូច្នេះប្រសិនបើចង់បានដុំសាកភ្លើងដែលមានកម្លាំង 20W និងកាស ត្រូវតែចំណាយលុយទិញក្រៅបន្ថែម ។

លោក Ming-Chi Kuo បានឲ្យដឹងទៀតថា ហេតុដែល Apple ធ្វើដល់ថ្នាក់នេះ ព្រោះតែចង់កាត់បន្ថយថ្លៃដើមក្នុងការផលិត ណាមួយការបំពាក់សេវ៉ា 5G មានតម្លៃថ្លៃ ដូចនេះដើម្បីចង់ឲ្យតម្លៃលក់ សែស្រឡាយ Iphone 12 ប្រហាក់ប្រហែលនឹង សែស្រឡាយ Iphone 11 ទើបសម្រេចចិត្តដកគ្រឿងទាំងនេះចេញ ។ ប្រភពដដែលបានបញ្ជាក់ថា បើមិនដូច្នេះទេ មានតែ Apple រកនឹកឃើញល្បិចថ្មីដើម្បីទាញយកលុយបន្ថែមពីអតិថិជន ៕

ប្រភព៖ cnet