Acer ត្រៀមចេញកុំព្យូទ័រយួរដៃ Swift 5 ថ្មី ដែលមានបន្ទះឈីប Intel ជំនាន់ 11

ក្រុមហ៊ុន Acer បានប្រកាសថានឹងចេញលក់កុំព្យូទ័រយួរដៃស៊េរី Swift 5 ថ្មីម៉ូដែល SF514-55 ជាមួយនឹង CPU របស់ Intel ជំនាន់ថ្មី ទី 11។

កុំព្យូទ័រ Acer Swift 5 SF514-55 នឹងមានអេក្រង់ទំហំ 14 អ៊ីង FHD ប្រភេទ Touchscreen មានគែមតូច ធ្វើឱ្យអេក្រង់បង្ហាញរូបបានយ៉ាងធំទូលាយ។ អ្នកទិញនឹងមានជម្រើសក្នុងការជ្រើសរើសក្រាហ្វិកកាតដូចជា Nvidia GeForce MX350 ជាដើម។ លើសពីនេះ កុំព្យូទ័រយួរដៃម៉ូដែលនោះនឹងមាន RAM ទំហំ 16GB និង SSD ប្រភេទ NVMe ទំហំ 1TB។ កាន់តែពិសេសនោះកុំព្យូទ័រនឹងមានរាងស្ដើង ស្រាល និងទម្ងន់ស្រាលជាង 1 គ.ក។

មួយវិញទៀត Swift 5 SF514-55 មានរន្ធដោតផ្សេងៗដូចជា HDMI, USB 3.2 Gen 1, USB Type-C Thunderbolt និង 3.5mm headphone jack។ ចំណែកឯថ្មវិញមានថាមពល 56 WH អាចគាំទ្រប្រព័ន្ធភ្ជាប់ dual-band Wi-Fi 6 មានមុខងារសុវត្ថិភាព Windows Hello និងកន្លែងស្កេនក្រយ៉ៅម្រាមដៃ។ កុំព្យូទ័រយួរដៃម៉ូដែលថ្មីរបស់ Acer នេះគ្រោងនឹងចេញលក់នៅប្រទេសចិន អឺរ៉ុប មជ្ឈឹមបូព៌ា អាព្រិច និងអាមេរិកខាងជើងចាប់ពីខែតុលាតទៅជាមួយនឹងតម្លៃចាប់ពី 999.99 ដុល្លារអាមេរិកឡើងទៅ រីឯពណ៌សម្រាប់ជ្រើសរើសវិញនោះអាចនឹងមានពណ៌ខ្មៅ និងពណ៌ទឹកមាសស្រាល៕

ប្រភព៖ Techno Sports