Lamborghini កំពុងផលិតទូកទំនើបមានម៉ាស៊ីនកម្លាំង ៤០០០ សេះ

បរទេស៖ ថ្មីៗនេះមានព័ត៌មានមួយថា​​​​ ក្រុមហ៊ុនផលិតរថន្តស្ព័តដ៏ល្បីល្បាញរបស់ប្រទេសអ៊ីតាលី គឺ​ Lamborghini បានសហការគ្នាជាមួយក្រុមហ៊ុនសម្ព័ន​ Italian Sea Group ដើម្បីលិតទូកទំនើប ឬកប៉ាល់ខ្នាតតូចមួយ​ (superyacht) ដែលមានកម្លាំងម៉ាស៊ីនរហូតដល់ ៤០០០សេះ​​​​​ ។

ទូកទំនើបខាងលើ គឺជាការបំផុសគំនិតផលិតដោយក្រុម​ហ៊ុន Lamborghini និងបានហៅឈ្មោះថា Lamborghini 63 ឬ​ Tecnomar for Lamborghini 63 ដែលមានន័យថា Tecnomar (នាវារបស់សម្ព័ន ​Italian Sea Group) នឹងផលិត នាវាទៅតាមការកំណត់របស់ក្រុមហ៊ុម​ Lamborghini ដែលជាក្រុមហ៊ុនផលិតរថយន្តស្ព័តរបស់អ៊ីតាលី​ បង្កើតនៅក្នុងឆ្នាំ ១៩៦៣ ។

ប្រភពគេហទំព័ររបស់ Lamborghini បានអះអាងថា​ ទូកនេះគឺជាការរចនាយ៉ាងពិសេសរវាង Tecnomar និង Lamborghini ដែលបញ្ជាក់ឲ្យឃើញពីគុណភាព ប្រណីតភាព និងភាពច្នៃប្រឌិតខ្ពស់ ពីរចនាបទប្រពៃណីអ៊ីតាលី ព្រមទាំងយក DNA ពីនាវា Tecnomar និង រថយន្ត Lamborghini ផងដែរ ។

ត្បិតតែមិនទាន់មានព័ត៌មានលម្អិតទាក់ទងផ្នែកម៉ាស៊ីនរបស់វាក្ដី ក៏គេដឹងថា​ ទូក Lamborghini 63 ឬ​ Tecnomar for Lamborghini 63 នេះ មានម៉ាស៊ីនចំនួនពីរ ប្រភេទ MAN V12 កម្លាំង ២០០០សេះ (សម្រាប់ម៉ាស៊ីនមួយ) និងមានល្បឿនសរុប រហូត ១១១ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយចំពោះប្រវែងរបស់វាគឺ​ ១៩.២ ម៉ែត្រ ៕

ប្រភព៖ boatinternational, lamborghini