Infinity Flex Display ជាឈ្មោះថ្មីរបស់ស្មាតហ្វូនអេក្រង់បត់បានរបស់ Samsung

ដូច​អ្វីដែល​ព័ត៌មាន​ជាច្រើន​បាន​ចុះផ្សាយ ក្រុមហ៊ុន Samsung ពិត​កំពុងដំណើរការ​គម្រោង​ស្មា​ត​ហ្វូ​ន​មាន​អេក្រង់​អាច​បត់​បាន​ពិតមែន ខណៈ​កាល​ក្នុងអំឡុង​សន្និសីទ SDC 2018 នេះ​ក្រុមហ៊ុន Samsung ទើប​ប្រកាស​អេក្រង់​ថ្មី Infinity Flex Display មាន​លក្ខណៈពិសេស​អាច​បត់​បាន ហើយនឹង​ផ្ទៃ​សូ​ហ្វ៊ែ​រ​ដ៏​យូរលង់​កែ​មុខមាត់​ថ្មី One UI សម្រាប់​បំពាក់​លើ​ទូរស័ព្ទ​បត់ foldable របស់​ក្រុមហ៊ុន។

អ្វី​ដែលជា​ចំណុច​ខុសប្លែក​ពី​អេក្រង់​ទូទៅ នៅលើ​អេក្រង់ Infinity Flex Display គឺ​សមាសធាតុ​ផលិត។ IFD ត្រូវបាន​ផលិតឡើង​ពី​បន្ទះ OLED យឺត ដែល​អាច​ឲ្យ​យើង​ពត់​បត់​បាន​ដោយ​មិន​រង​ផល​ខូចខាត​ឡើយ។ វា​នឹង​ជា​សមាសធាតុ​សំខាន់​មួយ​សម្រាប់​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​បត់​នានា​ពេលអនាគត។

សម្រាប់​អេក្រង់​របស់​ទូរស័ព្ទ​នេះ មាន​ទំហំ 7.3 អ៊ី​ញ ប្រភេទ OLED ជាមួយ​ផ្ទៃ​លាត​ធំ​ខ្លាំង ដែល​វា​ទំហំ​ប៉ុន​នេះ យើង​អាច​និយាយបានថា វា​ក្លាយជា​ថេ​ប្លេ​ត (ប្រភេទ Mini) មួយ​បាត់​ហើយ។ វា​ជា​ការបោះ​ជំ​ហ៊ាន​ថ្មី​មួយ ដែល​ក្រុមហ៊ុន Samsung បានបញ្ចប់​គម្រោងការ​ណ៍​ផលិត ជាមួយ​ការប្រើ​ពេល​ពិសោធន៍ និង​តេស្ត​អស់​រយៈពេល​ជា​យូរ​មកហើយ​នោះ ទម្រាំ​មាន​ថ្ងៃនេះ កើតឡើង។អ្វីដែល​កាន់តែ​ពិសេស​ទៀត​នោះ វា​មានភ្ជាប់​ការប្រើប្រាស់​ជាមួយ UI ជំនាន់​ថ្មី ដែល​ខាង​ក្រុមហ៊ុន បានអោយ​ឈ្មោះ​ហៅ​មួយ​នឹង​គេ​ដែរ​ថា One UI។ សម្រាប់ UI ជំនាន់​ថ្មី​នេះ បង្កើត​មក​សម្រាប់​អោយប្រើ​នៅលើ​ទូរ​សព្ទ​ដែលមាន​អេក្រង់​អាច​បត់​បាន ឯ​ទូរ​សព្ទ​ដែល​មិនអាច​បត់​អេក្រង់​នោះ ក៏​អាច​ប្រើ​បាន​នឹង​គេ ផងដែរ ព្រោះថា នៅក្នុងពេលខាងមុខៗទៀត​នោះ Samsung Experience នឹងត្រូវ​ចូលនិវត្តន៍ លែង​ប្រើ​បាន​ទៀតហើយ ដោយ​វា​នឹងត្រូវ​ងាក​មក​ប្រើ One UI វិញ​ម្តង។