Samsung នឹងនាំយកអ្វីដែលគ្រប់គ្នាទន្ទឹងរង់ចាំ មកបង្ហាញនៅក្នុងព្រឹត្តិការណ៍ Galaxy Unpacked ខាងមុខនេះ

បរទេស៖ ម្សិលមិញនេះ Samsung បានប្រកាសថា នឹងលើកយកថ្ងៃទី ០៥ ខែសីហា ខាងមុខនេះ ធ្វើជាថ្ងៃប្រារព្ធព្រឹត្តិការណ៍ Galaxy Unpacked ដែលជាថ្ងៃបង្ហាញនូវវត្តមានរបស់ទូរស័ព្ទត្រកូល Note ជំនាន់ថ្មីគឺ Galaxy Note 20 រួមជាមួយ Galaxy Fold ជំនាន់ថ្មីផងដែរ​ ។

ខណៈដែលពេលវេលាប្រកាសកាន់តែខិតជិតមកដល់នេះ ក៏មានព័ត៌មានចរចាមអារ៉ាម ក៏ដូចជារូបថតបែកធ្លាយជាច្រើនបង្ហាញតាមរយៈគេហៈទំព័រព័ត៌មានបច្ចេកវិទ្យាធំៗ ជាក់ស្ដែងថ្មីៗនេះ រូបថតមួយសន្លឹកដែលគេសង្ស័យថាជារូបរាងរបស់ Galaxy Note 20 Ultra ត្រូវបានចែកចាយយ៉ាងព្រោងព្រាតនៅលើបណ្ដាញអ៊ិនធឺណេត បន្ទាប់ពីរូបថតមួយសន្លឹកនេះលេចនៅលើគេហៈទំព័រផ្លូវការរបស់ Samsung ក្នុងប្រទេសរុស្ស៊ី ។

ជាមួយគ្នានេះត្រូវបានមហាជនរំពឹងថា Samsung អាចនឹងចេញទូរស័ព្ទ Galaxy Note 20 យ៉ាងហោចណាស់ ក៏ពីរម៉ូដែលដែរ អាចជា Galaxy Note 20 អេក្រង់តូច និងអេក្រង់ធំ គឺ Galaxy Note 20 Ultra ។ ហើយសម្រាប់ Galaxy Fold ជំនាន់ថ្មី អាចត្រូវបាន Samsung ដាក់ឈ្មោះថា Galaxy Z Fold 2 នឹងមានអេក្រង់ទំហំ 7.7 អ៊ីង ចំណែកកាមេរ៉ា មានរចនាបទដូចគ្នាជាមួយទូរស័ព្ទ flagship ដទៃទៀតរបស់ Samsung ។

ក្រៅពីនេះ មហាជនក៏រំពឹងថា នៅក្នុងព្រឹត្តិការណ៍ Galaxy Unpacked ក៏នឹងបង្ហាញវត្តមាន Galaxy Z Flip 5G ផងដែរ ៕

ប្រភព៖ theverge