Vivo បញ្ចេញស្មាតហ្វូនមានថាមពលថ្មខ្លាំង និងបំពាក់កាមេរ៉ាបច្ចេកវិទ្យា Google Lens

ស្រប​ពេលដែល OPPO កំពុង​ឡើង​កូដ ក្រុមហ៊ុន​រួម​ដំបូល vivo ឯណោះ​វិញ​ក៏​មិន​នៅ​ស្ងៀម ដោយ​បញ្ចេញ​ស្មា​ត​ហ្វូ​នថ្មីៗ មាន​រូបរាង​កាន់តែ​ប្លែក ដើម្បី​ផ្គាប់ចិត្ត​អ្នកប្រើប្រាស់។ ជាអាទិ៍​ក្រុមហ៊ុន​ចិន​មួយ​នេះ​ទើបតែ​ដាក់ចេញ​នូវ​ស្មា​ត​ហ្វូ​ន​ថ្នាក់កណ្ដាល​មួយ​ម៉ូ​ឌែ​ល មាន​កម្លាំង​ថ្ម​ខ្លាំង​រហូត 4030mAh ហើយ​មាន​កាមេរ៉ា​បំពាក់​បច្ចេកវិទ្យា Google Lens ថែម​ទៀតផង។

ទូរស័ព្ទ Y95 ជា​ជំនាន់​ក្រោយ​នៃ​ស្មា​ត​ហ្វូ​ន Y93 ដែល​បានចេញ​លក់​លើ​ទីផ្សារ​ប្រទេស​ចិន ភ្ជាប់​មុខងារ​ស្កេ​ន​ក្រយៅដៃ​ពីក្រោយ ហើយ​មាន​អេក្រង់​ឆក notch  ទំហំ ៦,២២ អ៊ី​ញ ដំណើរការ​ដោយ​ឈី​ប 12nm ប្រភេទ Snapdragon 439, RAM 4GB និង​អង្គ​ចងចាំ 64GB (អាច​បន្ថែម microSD បាន)។

ស្មា​ត​ហ្វូ​ន​នេះ​បំពាក់​កាមេរ៉ា​ភ្លោះ​ខាងក្រោយ មាន​ទំហំ 13MP ជា​កាមេរ៉ា​គោល និង​ទំហំ 2MP ដើរតួ​ជា depth sensor ចំណែក​កាមេរ៉ា​មុខ​មាន​ទំហំ 20MP ស្ថិត​ត្រង់​ទីតាំង notch ដែលមាន​រចនាបថ​បែប​តំណក់ទឹក។ Vivo Y95 ថែមទាំង​ភ្ជាប់​មុខងារ AI ជំនួយ​ទៅលើ Night Mode និង​មុខងារ Face Unlock។ Vivo Y95 ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 8.1 Oreo ចេញពី​ប្រអប់​ស្រាប់ និង​មាន​ស្បៃ Funtouch OS 4.5 របស់ Vivo។

សម្រាប់ទូរស័ព្ទនេះ បច្ចុប្បន្នមានលក់ក្នុងទីផ្សារចិន និង​ហ្វីលីពីន​ជាមួយនឹង​អំពី​តម្លៃប្រមាណ ២៦៣ ដុល្លារ ដោយមាន​ពីរ​ពណ៌​សម្រាប់​ជ្រើសរើស​គឺ​ពណ៌​ខ្មៅ Starry Black និង Aurora Red បែប​ប្រដេញ​ពណ៌៕