កាសស្ដាប់ Sony WH-1000XM4 ANC បង្ហាញក្នុងវីដេអូពាណិជ្ជកម្មមុនការបង្ហាញខ្លួនជាផ្លូវការ

បរទេស៖ មានប្រភពមួយបានបង្ហោះវីដេអូពាណិជ្ជកម្មនៃព្រឹត្តិការណ៍បង្ហាញកាសស្ដាប់ត្រចៀកសម្រាប់សប្ដាហ៍ក្រោយ ដោយយើងអាចដឹងថានោះជាកាសស្ដាប់ Sony WH-1000XM4 ដែលមានសមត្ថភាពអាចលុបបំបាត់សំឡេងរំខានបាន ហើយកាសនោះប្រហែលជានឹងត្រូវបង្ហាញខ្លួននៅថ្ងៃទី 6 សីហាខាងមុខនេះ។

តាមរយៈវីដេអូនេះ យើងអាចដឹងថា កាសនេះនឹងមានមុខងារចាប់យកញាណ (សេនស័រ) ដោយពេលដែលអ្នកដកកាសចេញពីត្រចៀក នោះចម្រៀងដែលអ្នកកំពុងស្ដាប់នឹងឈប់ដោយស្វ័យប្រវត្តិ ហើយវានឹងបន្តសំឡេងចម្រៀងពេលដែលអ្នកពាក់កាសនោះវិញ។ លើសពីនេះ វានឹងត្រូវបន្ថែមមុខងារដែលអាចឱ្យកាសនេះអាចធ្វើការកំណត់លក្ខណៈនៃទីកន្លែងដើម្បីស្ដាប់។

បន្ថែមពីនេះផងដែរ មុខងារ Speak-to-chat ត្រូវបានបន្ថែមសម្រាប់កាសនេះ ដែលវានឹងឈប់ចម្រៀងពេលដែលវាចាប់បានថាអ្នកកំពុងនិយាយ ហើយវានឹងបន្តចាក់ចម្រៀងពេលដែលឈប់និយាយ។ វានឹងត្រូវចំណាយពេល 30 វិនាទី ដើម្បីប្រតិបត្តិការមុខងារនេះបន្ទាប់ពីអ្នកនិយាយរួច (ការកំណត់ផ្សេងៗអាចបញ្ជាតាមរយៈកម្មវិធី) ដូចនេះ អ្នកអាចមានឱកាសក្នុងការស្ដាប់ការឆ្លើយតប បើទោះបីជាភាគីម្ខាងទៀងអាចនឹងមិនដឹងថាអ្នកអាចឮពួកគេនិយាយ។

រីឯមុខងារ និងលក្ខណសម្បត្តិផ្សេងទៀតវិញ មានភាពប្រហាក់ប្រហែលនឹងកាសមុនៗរបស់ Sony ដែរ ទាំងការរចនា និងពណ៌ ហើយកាសនេះនឹងមកជាមួយនូវថាមពលថ្ម 30 ម៉ោងក្នុងការប្រើប្រាស់៕

ប្រភព៖ GSMArena