
សៀមរាប៖ វិនិយោគគិនចិន មានចំណាប់អារម្មណ៍យ៉ាងខ្លាំងលើវិស័យទេសចរណ៍នៅខេត្តសៀមរាប ខណៈខេត្តនេះមានសម្បត្តិបេតិកភណ្ឌពិភពលោក និងជាប្រភពចំណូលមិនចេះរីងស្ងួតរបស់ជាតិ និងប្រជាជនកម្ពុជា ព្រមទាំងការងារវិស័យកសិកម្មផងដែរ។
ការថ្លែងបែបនេះ បន្ទាប់ពីលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប នៅថ្ងៃទី១៩ ខែវិច្ឆិកានេះ បានជួបលោក Chen Dehai អគ្គលេខាធិការនៃមជ្ឈមណ្ឌលចិន អាស៊ាន និងលោក Liu Zhijie ប្រធានការិយាល័យកុងស៊ុលចិនប្រចាំខេត្តសៀមរាបនៃស្ថានទូតចិនប្រចាំកម្ពុជា បានពិភាក្សាការងារមួយចំនួននៅសាលាខេត្តសៀមរាប។
លោក Chen Dehai អគ្គលេខាធិការនៃមជ្ឈមណ្ឌលចិន អាស៊ានលើកឡើងថា លោកមានចំណាប់អារម្មណ៍យ៉ាងខ្លាំងលើវិស័យទេសចរណ៍នៅខេត្តសៀមរាបដែលជាខេត្តមានសម្បត្តិបេតិកភណ្ឌពិភពលោក និងជាប្រភពចំណូល ព្រមទាំងការងារវិស័យកសិកម្មផងដែរ។
លោកបន្តថា វិស័យពាណិជ្ជកម្មរបស់ខេត្តសៀមរាបរឹងមាំសាកសមលើការអនុវត្តគោលនយោបាយ ផ្លូវមួយ ខ្សែក្រវ៉ាតមួយ។ ម្យ៉ាងទៀងរវាងកម្ពុជា ចិន មានប្រវត្តិសាស្ត្រជាយូរលង់មកហើយនាសម័យអង្គរតាមរយៈការទូត ជី តាខ្វាន់។
លោកបញ្ជាក់ថា ប្រទេសទាំងពីរ ទើបប្រារព្ធខួប៦០ឆ្នាំនៃកិច្ចទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងបានលើកការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ដោយបានបញ្ជាក់ថា ខេត្តសៀមរាបជាខេត្តវៃឆ្លាតទី៣នៅកម្ពុជា។
ជាមួយគ្នានេះ លោក ឃឹម ប៊ុនសុង បានលើកឡើងអំពីលទ្ធផល នៃកិច្ចសហប្រតិបត្តិការជាមួយបណ្តាខេត្ត ក្រុងសម្ព័ន្ធមេត្រីភាពនៃសាធារណរដ្ឋប្រជាមានិតចិន និង ខេត្តសៀមរាប លើវិស័យកសិកម្ម វិស័យអប់រំ ក្នុងការផ្តល់អាហារូបករណ៍ និងវិស័យសុខាភិបាល ដោយបានបញ្ជូនគ្រូពេទ្យស្ម័ត្រចិត្តមកព្យាបាលជំងឺ ជូនប្រជាជនដោយឥតគិតថ្លៃ សំខាន់ការព្យាបាលជំងឺភ្នែកឡើងបាយ ព្រមទាំងបានផ្លាស់ប្តូរនូវដំណើរទស្សនកិច្ច សិក្សាពីគ្នាទៅវិញទៅមកផងដែរ៕
អត្ថបទ៖ ហៃ សិរី