Google និង Qualcomm បណ្ដាក់ទុកជាង ២០០លានដុល្លារ ជាមួយ HMD Global ដើម្បីស្រោចស្រង់ស្លាកយីហោ Nokia

បរទេស៖ កាលពីពេថ្មីៗនេះ ក្រុមហ៊ុន HMD Global បានរៃអង្គាសប្រាក់បានចំនួន ២៣០ លានដុល្លារជាថវិកា “series A2” ពីដៃគូយុទ្ធសាស្រ្តមួយចំនួនរួមមាន Google, Qualcomm រួមជាមួយវិនិយោគិនដែលមិនបានបង្ហាញឈ្មោះអស់ ។

អ្នកនាំពាក្យម្នាក់ក៏បានបញ្ជាក់ផងដែរថាការវាយតំលៃរបស់ក្រុមហ៊ុន HMD Global បានឈានដល់ ១ ពាន់លានដុល្លារហើយ។ ខណៈដែល Nokia លែងផលិតឧបករណ៍ប្រើប្រាស់យីហោនេះ តែក៏នៅមានឧបករណ៍មួយចំនួនដែលជ្រកក្រោមស្លាកសញ្ញា Nokia ដូចជាស្មាតហ្វូនជាដើម ។ ទាក់ទងជាមួយគ្នានេះ ដើម្បីឲ្យស្លាកសញ្ញា Nokia រស់ឡើងវិញ HMD Global បានគិតជាចម្បងទៅលើការរចនា និងដាក់លក់ទូរស័ព្ទចល័តម៉ាក Nokia ដោយមានក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Foxconn FIH Mobile ជាអ្នកទទួលខុសត្រូវផលិត ។

ចាំបានថា កាលពី ពីរ បី ខែ មុន HMD Global បានបង្ហាញឧបករណ៍ 5G ដំបូងរបស់ខ្លួន បើទោះបីជាមកទល់ពេលនេះ Nokia 8.3 នៅមិនទាន់ចេញលក់លើទីផ្សារក៏ដោយ ។

ជាមួយនឹងទឹកប្រាក់ ២៣០ លានដុល្លារបន្ថែមទៀតនៅក្នុងធនាគារ HMD Global បាននិយាយថាឥឡូវនេះខ្លួនអាចបង្កើនល្បឿនបេសកកម្មរបស់ខ្លួនដើម្បីធ្វើឱ្យស្មាតហ្វូន 5G អាចទៅដល់អ្នកប្រើប្រាស់កាន់តែច្រើននៅទូទាំងពិភពលោក។ នេះនឹងរួមបញ្ចូលទាំងការអភិវឌ្ឍសម្ព័ន្ធភាពជាច្រើនជាមួយក្រុមហ៊ុនអាមេរិកនិងការកសាងភាពជាដៃគូដែលមានស្រាប់ជាមួយក្រុមហ៊ុន Verizon, Cricket Wireless និងក្រុមហ៊ុន AT&T ដែលបានចាប់ផ្តើមកាលពីឆ្នាំមុន ៕
ប្រភព៖ venturebeat