ទូរស័ព្ទរបស់ក្រុមហ៊ុន Apple នៅតែជាទូរស័ព្ទដែលលក់ដាច់បំផុតនៅសហរដ្ឋអាមេរិក សម្រាប់ត្រីមាសនេះ

បរទេស៖ យោងតាមរបាយការណ៍ពី Canalys បានឲ្យដឹងថា នៅត្រីមាសទី ២ នេះ ទូរស័ព្ទរបស់ Apple បានក្លាយជាទូរស័ព្ទលក់ឈានមុខគេនៅសហរដ្ឋអាមេរិក ដែលត្រូវបាននាំចេញរហូតដល់ ១៥លានគ្រឿង ស្មើនឹងចំណែកទីផ្សារ ៤៧ភាគរយ ។

បន្ទាប់មកទូរស័ព្ទដែលជាប់ចំណាត់ថ្នាក់លេខ ២ ដែលលក់ដាច់ជាងគេនៅសហរដ្ឋអាមេរិក គឺទូរស័ព្ទរបស់ក្រុមហ៊ុន Samsung ត្រូវបានលក់អស់ ៧,៤ លានគ្រឿងស្មើនឹងតួលេខកាលពីឆ្នាំទៅ ចំណែកទូរស័ព្ទរបស់ក្រុមហ៊ុន LG ឈរនៅលេខរៀងទី៣ ជាមួយនឹងការនាំចេញ ៣,៥ លានគ្រឿង ស្មើនឹងចំណែកទីផ្សារ ១១ ភាគរយ ។
ក្រៅពីនេះ ក្រុមហ៊ុន Lenovo បាននាំចេញចំនួន ២,២ លានគ្រឿង និង TCL នាំចេញ ១,៣ លានគ្រឿង ដូច្នេះក្រុមហ៊ុនទាំងពីរនេះ ឈរនៅលើលេខរៀងទី ៤ និងទី ៥ ។

យោងតាមលោក Vincent Thielke អ្នកវិភាគក្នុងក្រុមហ៊ុន Canalys បានឲ្យដឹងថា ទូរស័ព្ទ iPhone 11 និង iPhone SE (2020) គឺជាទូរស័ព្ទដែលលក់ដាច់បំផុតក្នុងត្រីមាសនេះ ចំណែកទូរស័ព្ទសែស្រឡាយ Galaxy S20 មានការលក់យឺត ខណៈដែលម៉ូដែល Galaxy A10e និង A20 មានការចាប់អារម្មណ៍ខ្លាំងនៅសហរដ្ឋអាមេរិក ៕

ប្រភព៖ gsmarena